ព្រះត្រៃបិដក ភាគ ២៩
បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើខ្ញុំព្រះអង្គ ដូរដោយជនបទ កុំឲ្យព្រះអយ្យិការបស់ខ្ញុំព្រះអង្គ ធ្វើមរណកាលបាន ដូច្នេះ ខ្ញុំព្រះអង្គនឹងឲ្យជនបទ ដោយគិតថា កុំឲ្យព្រះអយ្យិការបស់ខ្ញុំព្រះអង្គ ធ្វើមរណកាលបានឡើយ បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា សុភាសិតនេះ ព្រះអង្គត្រាស់ថា សត្វទាំងអស់ មានសេចក្តីស្លាប់ជាធម្មតា មានសេចក្តីស្លាប់ ជាទីបំផុត មិនកន្លងនូវសេចក្តីស្លាប់បានឡើយ។
[៤០៤] ព្រះអង្គត្រាស់ថា បពិត្រមហារាជ នុ៎ះយ៉ាងនេះហើយ បពិត្រមហារាជ នុ៎ះ យ៉ាងនេះហើយ សត្វទាំងអស់ មានសេចក្តីស្លាប់ជាធម្មតា មានសេចក្តីស្លាប់ជាទីបំផុត មិនកន្លងនូវសេចក្តីស្លាប់បានទេ។ បពិត្រមហារាជ ប្រៀបដូចជាភាជន៍ នៃស្មូនឆ្នាំងទាំងឡាយ ណាមួយ ទោះបីឆៅក្តី ឆ្អិនក្តី ភាជន៍ទាំងអស់នោះ ក៏គង់មានកិរិយាបែកធ្លាយជាធម្មតា មានកិរិយាបែកធ្លាយ ជាទីបំផុត មិនកន្លងនូវកិរិយាបែកធ្លាយបានឡើយ យ៉ាងណាមិញ បពិត្រមហារាជ សត្វទាំងអស់ មានសេចក្តីស្លាប់ជាធម្មតា មានសេចក្តីស្លាប់ជាទីបំផុត មិនកន្លងនូវសេចក្តីស្លាប់បានឡើយ ក៏យ៉ាងនោះឯង។
ID: 636848502007125722
ទៅកាន់ទំព័រ៖