ព្រះត្រៃបិដក ភាគ ២៩
ឥស្សត្ថសូត្រ ទី៤
[៤០៩] ទៀបក្រុងសាវត្ថី.... លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ទាន តើបុគ្គលត្រូវឲ្យដល់បុគ្គលណា។ ព្រះអង្គត្រាស់ថា បពិត្រមហារាជ ចិត្តជ្រះថា្ល ចំពោះបុគ្គលណា (ត្រូវឲ្យដល់បុគ្គលនោះ)។ បពិត្រព្រះអង្គដ៏ចំរើន ទាន ដែលបុគ្គលឲ្យហើយ ដល់បុគ្គលណា ទើបមានផលច្រើន។
[៤១០] ព្រះអង្គត្រាស់ថា បពិត្រមហារាជ ពាក្យថា ទាន បុគ្គលត្រូវឲ្យដល់បុគ្គលណា នេះជាពាក្យដទៃ ពាក្យថា ទាន ដែលបុគ្គលឲ្យហើយ ដល់បុគ្គលណា ទើបមានផលច្រើន នេះក៏ជាពាក្យដទៃដែរ បពិត្រមហារាជ ទាន ដែលបុគ្គលឲ្យ ដល់បុគ្គលមានសីល ទើបមានផលច្រើន ទាន ដែលបុគ្គលឲ្យដល់បុគ្គលទ្រុស្តសីល មិនមានផលច្រើនទេ។ បពិត្រមហារាជ បើដូច្នោះ តថាគត នឹងសួរព្រះអង្គ ក្នុងប្រស្នានេះ ប្រស្នានេះគាប់ចិត្តព្រះអង្គ យ៉ាងណា ត្រូវព្រះអង្គព្យាករប្រស្នានោះ យ៉ាងនោះ។
ID: 636848503249846802
ទៅកាន់ទំព័រ៖