ព្រះត្រៃបិដក ភាគ ២៩
បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើពាក្យរបស់ទេវតានេះ ជាពាក្យពិត ទេវតានោះ ឋិតនៅក្នុងទីនេះ មិនឆ្ងាយប៉ុន្មានទេ។ កាលព្រះសមិទ្ធិមានអាយុ និយាយយ៉ាងនេះហើយ ទេវតានោះ ក៏និយាយនឹងព្រះសមិទ្ធិមានអាយុថា នែភិក្ខុ ចូរលោកសួរចុះ នែភិក្ខុ ចូរលោកសួរចុះ ខ្ញុំមកដល់ហើយ។
[៥៣] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងទេវតានោះ ដោយគាថា ដូច្នេះថា
ពួកសត្វដែលមានសេចក្តីសំគាល់ក្នុងបញ្ចក្ខន្ធ ប្រកាន់ស្អិតក្នុងបញ្ចក្ខន្ធ មិនកំណត់យល់ច្បាស់ នូវបញ្ចក្ខន្ធ រមែងលុះក្នុងអំណាច នៃសេចក្តីស្លាប់ បុគ្គលដែលកំណត់យល់ច្បាស់ នូវបញ្ចក្ខន្ធហើយ រមែងមិនត្រូវការបុគ្គលអ្នកប្រាប់ទេ ព្រោះការនោះ មិនមានដល់បុគ្គលនោះឡើយ ហេតុនោះ ជនណាមួយ គប្បីដៀលបុគ្គលនោះ ដោយហេតុណា ហេតុនោះ មិនមានដល់បុគ្គលនោះទេ ម្នាលទេវតា បើអ្នកដឹងច្បាស់ អ្នកត្រូវនិយាយមកចុះ។
ID: 636848365460240978
ទៅកាន់ទំព័រ៖