ព្រះត្រៃបិដក ភាគ ២៩
[៤៨៧] លំដាប់នោះឯង មារមានចិត្តបាប បានដឹងសេចក្តីត្រិះរិះក្នុងចិត្ត របស់ព្រះសមិទ្ធិមានអាយុ ដោយចិត្តរបស់ខ្លួន ក៏ចូលទៅរកព្រះសមិទ្ធិមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសំឡេងគួរខ្លាច គួរស្ញប់ស្ញែងយ៉ាងខ្លាំង ក្នុងទីជិតព្រះសមិទ្ធិមានអាយុ ចំណែកផែនដី ហាក់ដូចជាលាន់រំពង។
[៤៨៨] គ្រានោះឯង ព្រះសមិទ្ធិមានអាយុ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះព្រះសមិទ្ធិមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាអ្នក មិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ហើយនៅក្នុងទីជិតព្រះមានព្រះភាគឯណោះ បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គនោះ នៅក្នុងទីស្ងាត់ ពួនសម្ងំនៅក្នុងកម្មដ្ឋាន មានសេចក្តីត្រិះរិះ កើតឡើងក្នុងចិត្ត យ៉ាងនេះថា អាត្មាអញ ពេញជាមានលាភ អត្តភាពជាមនុស្ស អាត្មាអញ ពេញជាបានដោយល្អ ព្រោះអាត្មាអញ មានព្រះអរហន្ត សម្មាសម្ពុទ្ធជាគ្រូ
ID: 636848523814153013
ទៅកាន់ទំព័រ៖