ព្រះត្រៃបិដក ភាគ ២៩
[៨] ព្រះមានព្រះភាគត្រាស់ថា ជីវិត គឺអាយុ (របស់សត្វទាំងឡាយ) តិចតួចពេកណាស់ ដ្បិតជរា តែងនាំចូលទៅរក (សេចក្តីស្លាប់) កាលបើសត្វ ដែលត្រូវជរានាំចូលទៅជិត (សេចក្តីស្លាប់) ហើយ នឹងរកអ្វីជ្រកកោន ពុំមានឡើយ កាលបើបុគ្គលសំឡឹងឃើញភ័យនុ៎ះ ក្នុងសេចក្តីស្លាប់ហើយ ជាអ្នកប្រាថ្នាសេចក្តីស្ងប់ ត្រូវតែលះបង់អាមិសៈ ក្នុងលោកចេញ។
អច្ចេនិ្តសូត្រ ទី៤
[៩] ទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ បានពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
កាលទាំងឡាយ តែងកន្លងផុតទៅ រាត្រីទាំងឡាយ តែងឆ្លងហួសទៅ ជំនាន់នៃវ័យទាំងឡាយ តែងលះបង់នូវលំដាប់ កាលបើបុគ្គលបានសំឡឹងឃើញភ័យនុ៎ះ ក្នុងសេចក្តីស្លាប់ហើយ គួរតែធ្វើបុណ្យទាំងឡាយ ដែលជាគុណជាតនាំសុខមកឲ្យ។
ID: 636848357032098915
ទៅកាន់ទំព័រ៖