ព្រះត្រៃបិដក ភាគ ២៩

​[​១១០​]​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​បដិបទា​នេះឯង​ ​ជា​បដិបទា​ដ៏​មាំ​ ​ពួក​អ្នកប្រាជ្ញ​មាន​ឈាន​ ​រមែង​រួចចាក​ចំណង​មារ​ ​ដោយ​បដិបទា​ណា​ ​បុគ្គល​ ​មិន​អាច​ប្រតិបត្តិ​បដិបទា​នេះ​ ​ដោយ​គ្រាន់តែ​ចេះនិយាយ​ ​ឬ​គ្រាន់តែ​ស្តាប់​ ​ដោយ​ចំណែក​មួយ​ទេ​ ​ពួក​អ្នកប្រាជ្ញ​ ​ដឹង​ច្បាស់​នូវ​ហេតុ​ក្នុង​លោក​ ​បានដឹង​នូវ​ចតុ​សច្ចធម៌​ ​ជា​អ្នក​រំលត់​កិលេស​ ​បាន​ឆ្លង​នូវ​តណ្ហា​ ​ដែល​ផ្សាយ​ទៅ​ក្នុង​លោក​ ​រមែង​មិន​និយាយ​អួត​ទេ​។​

 [​១១១​]​ ​គ្រានោះ​ឯង​ ​ទេវតា​ទាំងឡាយ​នោះ​ ​ប្រតិស្ឋាន​លើ​ប្រឹថពី​ ​ហើយ​ក្រាប​សីរ្សៈ​ទៀប​ព្រះបាទ​ ​នៃ​ព្រះមានព្រះភាគ​ ​ទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទោស​ដែល​ប្រព្រឹត្ត​កន្លង​គ្រប​សង្កត់​ហើយ​ ​នូវ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​តាមដោយ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​ជា​អ្នក​ល្ងង់ខ្លៅ​ ​ជា​អ្នក​វង្វេង​ ​ជា​អ្នក​មិន​ឈ្លាស​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ណា​ ​បាន​មើលងាយ​ព្រះមានព្រះភាគ​ ​ដែល​ជា​បុគ្គល​មិន​គួរ​បៀតបៀន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​អត់​នូវ​ទោស​ ​ដែល​ប្រព្រឹត្ត​កន្លង​ ​គ្រប​សង្កត់​ហើយ​ ​ដល់​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​នោះ​ ​ដើម្បីនឹង​សង្រួម​តទៅ​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ធ្វើការ​ញញឹម​ឲ្យ​ប្រាកដ​ឡើង​។​
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 636848379079199937
ទៅកាន់ទំព័រ៖