ព្រះត្រៃបិដក ភាគ ២៩
មល្លិកាសូត្រ ទី៨
[៣៥០] ជិតក្រុងសាវត្ថី... សម័យនោះ ព្រះបាទបសេនទិកោសល គង់ក្នុងប្រាសាទ ដ៏ប្រសើរជាន់ខាងលើ ជាមួយនឹងព្រះនាង មល្លិកាទេវី ។ គ្រានោះ ព្រះបាទបសេនទិកោសល មានព្រះបន្ទូលនឹងព្រះនាងមល្លិកាទេវី ដូច្នេះថា ម្នាលនាងមល្លិកា បុគ្គលដទៃណា ដែលជាទីស្រឡាញ់ ដោយវិសេសជាងខ្លួននាងទៅទៀត មានដែរឬ។ បពិត្រមហារាជ បុគ្គលដទៃណា ដែលជាទីស្រឡាញ់ ដោយវិសេសជាងខ្លួនខ្ញុំម្ចាស់ មិនមានទេ បពិត្រមហារាជ ចុះបុគ្គលដទៃនីមួយ ដែលជាទីស្រឡាញ់ ដោយវិសេសជាងខ្លួនព្រះអង្គទៅទៀត មានដែរឬ។ ម្នាលនាងមល្លិកា បុគ្គលដទៃនីមួយ ដែលជាទីស្រឡាញ់ ដោយវិសេសជាងខ្លួនយើងទៅទៀត មិនមានទេ។
[៣៥១] លំដាប់នោះ ព្រះបាទបសេនទិកោសល ទ្រង់ចុះអំពីប្រាសាទ ហើយស្តេចចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុងទីសមគួរ។
ID: 636848472207681291
ទៅកាន់ទំព័រ៖