ព្រះត្រៃបិដក ភាគ ២៩
បញ្ចរាជសូត្រ ទី២
[៣៦៣] ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី... ក៏សម័យនោះឯង ព្រះរាជាទាំងឡាយ ៥អង្គ មានព្រះបាទបសេនទិ ជាប្រធាន កំពុងឲ្យគេបម្រើឆ្អែតស្កប់ស្កល់ ដោយកាមគុណ ទាំង៥ ក៏កើតមានអន្តរាកថា ដូច្នេះថា បណ្តាកាមទាំងឡាយ អ្វីហ្ន៎ ប្រសើរជាងគេ។ បណ្តាព្រះរាជាទាំងនោះ ព្រះរាជាពួកខ្លះ ពោលយ៉ាងនេះថា បណ្តាកាមទាំងឡាយ រូបប្រសើរជាងគេ។ ព្រះរាជាពួកខ្លះ ពោលយ៉ាងនេះថា បណ្តាកាមទាំងឡាយ សំឡេងប្រសើរជាងគេ។ ព្រះរាជាពួកខ្លះ ពោលយ៉ាងនេះថា បណ្តាកាមទាំងឡាយ ក្លិនប្រសើរជាងគេ។ ព្រះរាជាពួកខ្លះ ពោលយ៉ាងនេះថា បណ្តាកាមទាំងឡាយ រសប្រសើរជាងគេ។ ព្រះរាជាពួកខ្លះ ពោលយ៉ាងនេះថា បណ្តាកាមទាំងឡាយ ផ្សព្វប្រសើរជាងគេ។ ព្រះរាជាទាំងនោះ មិនអាចញុំាងគ្នា និងគ្នាឲ្យយល់បានក្នុងកាលណាឡើយ ទើបព្រះបាទបសេនទិកោសល ទ្រង់ត្រាស់ពាក្យនេះ នឹងព្រះរាជាទាំងនោះថា ម្នាលគ្នាយើងទាំងឡាយ មក យើងនឹងចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ
ID: 636848476646235162
ទៅកាន់ទំព័រ៖