ព្រះត្រៃបិដក ភាគ ២៩
ពាក្យនោះ បុគ្គលនោះ បានបញ្ចេញឲ្យលាន់ឮហើយ ធារទឹក គឺ បុណ្យ ដ៏ធំទូលាយនោះ នឹងបង្អុរចុះលើបុគ្គលអ្នកឲ្យ ដូចជាមហាមេឃ ដែលបង្អុរភ្លៀងមកលើផែនដីដែរ។
បព្វតោបមសូត្រ ទី៥
[៤១៥] សាវត្ថីនិទាន។ គ្រានោះ ព្រះបាទបសេនទិកោសល ស្តេចចូលទៅគាល់ព្រះមានព្រះភាគ ទាំងថ្ងៃត្រង់ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់នៅក្នុងទីសមគួរ។ លុះព្រះបាទបសេនទិកោសល គង់នៅក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ ត្រាស់យ៉ាងនេះថា អើហ្ន៎ មហារាជ ព្រះអង្គទើបស្តេចយាងមកពីទីណា ទាំងថ្ងៃត្រង់។ បពិត្រព្រះអង្គដ៏ចំរើន ក្សត្រជាស្តេច បានមុទ្ធាភិសេករួចហើយ ស្រវឹងជ្រប់ដោយភាពជាធំ មានសេចក្តីត្រេកអរ ក្នុងកាមគ្របសង្កត់ ដល់នូវការមាំមួន ក្នុងជនបទ នៅត្រួតត្រាបឋវីមណ្ឌលដ៏ធំ តែងមានរាជកិច្ចណា ឥឡូវនេះ ខ្ញុំព្រះអង្គ ដល់នូវការខ្វល់ខ្វាយ ចំពោះរាជកិច្ចនោះ។
ID: 636848504766283537
ទៅកាន់ទំព័រ៖