ព្រះត្រៃបិដក ភាគ ២៩
[១០] ព្រះមានព្រះភាគត្រាស់ថា កាលទាំងឡាយ តែងកន្លងផុតទៅ រាត្រីទាំងឡាយ តែងឆ្លងហួសទៅ ជំនាន់នៃវ័យទាំងឡាយ តែងលះបង់នូវលំដាប់ កាលបើបុគ្គលបានសំឡឹងឃើញភ័យនុ៎ះ ក្នុងសេចក្តីស្លាប់ហើយ ជាអ្នកសំឡឹងយកសេចក្តីស្ងប់ គួរតែលះបង់អាមិសៈ ក្នុងលោកចេញ។
កតិច្ឆិន្ទិសូត្រ ទី៥
[១១] លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ទើបពោលគាថា សួរព្រះមានព្រះភាគថា
ជនត្រូវកាត់បង់ធម៌ប៉ុន្មាន ត្រូវលះបង់ធម៌ប៉ុន្មាន ត្រូវអប់រំធម៌ប៉ុន្មានតទៅ ភិក្ខុកន្លងបង់ នូវធម៌ ជាគ្រឿងចំពាក់ប៉ុន្មាន ទើបហៅថា អ្នកឆ្លងឱឃៈបាន។
[១២] ព្រះមានព្រះភាគ ត្រាស់តបថា ជនត្រូវកាត់សំយោជនៈ ជាចំណែកខាងក្រោម៥ ត្រូវលះបង់សំយោជនៈ ជាចំណែកខាងលើ៥ ត្រូវអប់រំ នូវឥន្ទ្រិយ ទាំង៥ តទៅ ភិក្ខុកន្លងបង់នូវសង្គៈ គឺធម៌ជាគ្រឿងចំពាក់(១) ទាំង៥យ៉ាង ទើបហៅថា អ្នកឆ្លងអន្លង់បាន។
(១) សំដៅយក រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ។
ID: 636848357515506565
ទៅកាន់ទំព័រ៖