ព្រះត្រៃបិដក ភាគ ០៣
សិក្ខាបទទី២
[១០] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្ដព្រះជេតពន របស់អនាថណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង មានភិក្ខុច្រើនរូបបានផ្ញើចីវរទុកនៅដៃភិក្ខុទាំងឡាយ (រួចស្លៀកដណ្ដប់) តែស្បង់និងចីវរ ចេញទៅកាន់ជនបទចារិកទៅ។ ឯចីវរដែលភិក្ខុផ្ញើទុកនោះ យូរពេកក៏ដាមឆ្លកជាំអស់។ ភិក្ខុទាំងឡាយក៏យកចីវរទាំងអម្បាលនោះទៅ ហាលសំដិល។ ព្រះអានន្ទដ៏មានអាយុបាននិមន្ដទៅកាន់សេនាសនចារិក ក្រឡេកទៅឃើញភិក្ខុទាំងនោះកំពុងហាលសំដិលចីវរទាំងនោះ ក៏ដើរចូលទៅជិតភិក្ខុទាំងឡាយនោះ លុះចូលទៅជិតហើយ ក៏សួរភិក្ខុទាំងនោះថា ម្នាលអាវុសោទាំងឡាយ ចីវរទាំងនេះដាមឆ្លកជាំអស់ តើជារបស់លោកណា។ គ្រានោះឯង ភិក្ខុទាំងអម្បាលនោះ ក៏បានប្រាប់សេចក្ដីនុ៎ះដល់ព្រះអានន្ទដ៏មានអាយុ។ ព្រះអានន្ទដ៏មានអាយុ ក៏លើកទោស តិះដៀល បន្ទោសថា ភិក្ខុទាំងឡាយមិនគួរបើនឹងផ្ញើចីវរទុកដាក់ដៃរបស់ភិក្ខុទាំងឡាយ ហើយ (ស្លៀកដណ្ដប់) តែស្បង់នឹងចីពរចេញទៅកាន់ជនបទចារិកសោះ។ ទើបព្រះអានន្ទដ៏មានអាយុ ក្រាបទូលសេចក្ដីនុ៎ះដល់ព្រះដ៏មានព្រះភាគជាម្ចាស់។ លំដាប់នោះ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ត្រាស់សួរតប
ID: 636783175776840372
ទៅកាន់ទំព័រ៖