ព្រះត្រៃបិដក ភាគ ០៣
អ្នកទាំងឡាយ គប្បីសម្ដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុឱ្យគេធ្វើសន្ថ័តថ្មី គប្បី ប្រើប្រាស់ឱ្យដល់ប្រាំមួយឆ្នាំ។ បើប្រើប្រាស់មិនទាន់ដល់ប្រាំមួយឆ្នាំទេ លះចោលក្ដី មិនបានលះចោលក្ដីនូវសន្ថ័តនោះ ហើយឱ្យគេធ្វើសន្ថ័តថ្មី ដទៃទៀត សន្ថ័តនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្ដសិក្ខាបទនេះ ដល់ភិក្ខុទាំងឡាយហើយ ដោយប្រការដូច្នេះ។
[៨៧] សម័យនោះឯង ភិក្ខុមួយរូបមានជម្ងឺឈឺ នៅក្នុងនគរកោសម្ពី។ ពួកញាតិបានប្រើបម្រើទៅក្នុងសំណាក់ភិក្ខុនោះ ដោយពាក្យថា សូមលោកដ៏ចម្រើននិមន្ដមក យើងខ្ញុំទាំងឡាយនឹងបានទំនុកបម្រុង។ ភិក្ខុទាំងឡាយក៏បាននិយាយយ៉ាងនេះថា ម្នាលអាវុសោ លោកចូរទៅចុះ ពួកញាតិនឹងបានថែរទាំលោក។ ភិក្ខុនោះនិយាយតបយ៉ាងនេះថា អាវុសោ ព្រះដ៏មានព្រះភាគទ្រង់បញ្ញតសិក្ខាបទហើយថា ភិក្ខុឱ្យគេធ្វើសន្ថ័តថ្មី គប្បីប្រើប្រាស់ឱ្យដល់ ៦ឆ្នាំ ក៏ខ្លួនខ្ញុំមានជំងឺ មិនអាចនឹងនាំយកសន្ថ័តទៅបាន ខ្លួនខ្ញុំលះសន្ថ័តចេញហើយមិនសប្បាយទេ (ហេតុនេះ) ខ្ញុំមិនទៅទេ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះដល់ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ព្រោះដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ធ្វើធម្មីកថា ហើយទ្រង់ហៅភិក្ខុទាំងឡាយក្នុងខណៈនោះថា ម្នាលភិក្ខុទាំងឡាយ
ID: 636783222261729156
ទៅកាន់ទំព័រ៖