ព្រះត្រៃបិដក ភាគ ០៣
ព្រះអង្គគង់នៅ លុះចូលទៅដល់ហើយបានថ្វាយបង្គំគាល់ព្រះអង្គក្នុងទីដ៏សមគួរ។ សេចក្ដីស្រុះស្រួលរាក់ទាក់មួយអន្លើដោយពួកអាគន្ដុកភិក្ខុនេះ ជាកិច្ចដែលព្រះពុទ្ធដ៏មានព្រះភាគទាំងឡាយ ទ្រង់ប្រព្រឹត្ដសន្សំទុកមកហើយ។ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរពាក្យនេះនឹងឧបសេនភិក្ខុវង្គន្ដបុត្រដ៏មានអាយុថា ម្នាលឧបសេន អ្នករាល់គ្នាល្មមធន់ទ្រាំបានដែរឬ អ្នករាល់គ្នាល្មមប្រព្រឹត្ដទៅបានស្រួលដែរឬ អ្នករាល់គ្នាដើរផ្លូវឆ្ងាយមក មិនលំបាកទេឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មាន ព្រះភាគ យើងខ្ញុំទាំងឡាយល្មមធន់ទ្រាំបាន បពិត្រព្រះដ៏មានព្រះភាគ យើងខ្ញុំទាំងឡាយល្មមប្រព្រឹត្ដទៅបានស្រួល ម្យ៉ាងទៀត បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងឡាយដើរផ្លូវឆ្ងាយមកមិនបានលំបាកទេ។ ក៏សម័យនោះឯង ភិក្ខុជាសទ្ធិវិហារិករបស់ឧបសេនវង្គន្ដបុត្រដ៏មានអាយុអង្គុយជិតព្រះដ៏មានព្រះភាគ។ លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរ ភិក្ខុនោះយ៉ាងនេះថា ម្នាលភិក្ខុ បំសុកូលទាំងឡាយជាទីគាប់ចិត្ដរបស់អ្នក ដែរឬ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន បំសុកូលទាំងឡាយ មិនជាទីគាប់ចិត្ដរបស់ខ្ញុំព្រះអង្គទេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុ ក៏អ្នកប្រព្រឹត្ដបំសុកូល(នោះ) ដើម្បីអ្វី។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន (ព្រោះ) ឧបជ្ឈាយ៍របស់ខ្ញុំព្រះអង្គប្រព្រឹត្ដបំសុកូល
ID: 636783229112240983
ទៅកាន់ទំព័រ៖