ព្រះត្រៃបិដក ភាគ ០៣
បើភិក្ខុមិនយកសន្ថ័តចាស់១ ចំអាមព្រះសុគតដោយជុំវិញ (មកលាយនឹងសន្ថ័តថ្មីទេ ) គឺថា ភិក្ខុធ្វើឯងក្ដី ឱ្យគេធ្វើក្ដី នូវសន្ថ័តសម្រាប់ទ្រាប់អង្គុយថ្មី មិនយកសន្ថ័តចាស់១ ចំអាមព្រះសុគតដោយជុំវិញមកលាយ ត្រូវអាបត្ដិ ទុក្កដក្នុងប្រយោគដែលធ្វើ សន្ថ័តនោះជានិស្សគ្គិយក្នុងខណៈដែលបានមក ភិក្ខុគប្បីលះដល់សង្ឃ ឬគណៈ ឬបុគ្គលក៏បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីលះយ៉ាងនេះ។ បេ។ បពិត្រព្រះសង្ឃដ៏ចំរើន សន្ថ័តសម្រាប់ទ្រាប់អង្គុយនេះ ខ្ញុំឱ្យគេធ្វើមិនបានកាត់យកសន្ថ័តចាស់១ ចំអាមព្រះសុគតដោយជុំវិញមកលាយ ជានិស្សគ្គិយ ខ្ញុំសូមលះសន្ថ័តនេះដល់សង្ឃ។បេ។ សង្ឃគប្បីឱ្យ។បេ។ លោកដ៏មានអាយុទាំងឡាយគប្បីឱ្យ។បេ។ ខ្ញុំឱ្យដល់លោកដ៏មានអាយុ។
[៩៥] ភិក្ខុធ្វើសន្ថ័តដោយខ្លួនឯងនៅមិនទាន់ហើយ (គ្រាក្រោយ) ធ្វើឱ្យហើយដោយខ្លួនឯងម្ដងទៀត ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុធ្វើខ្លួនឯងមិនទាន់ហើយ ឱ្យអ្នកដទៃបង្ហើយ ក៏ត្រូវនិស្សគ្គិយបាចិត្ដិយ។ អ្នកដទៃធ្វើមិនទាន់ហើយ ភិក្ខុធ្វើឱ្យហើយដោយខ្លួនឯង ក៏ត្រូវនិស្សគ្គិយបាចិត្ដិយ។ អ្នកដទៃធ្វើមិនទាន់ហើយ ភិក្ខុឱ្យអ្នកដទៃធ្វើបង្ហើយ ក៏ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុធ្វើខ្លួនឯងក្ដី ឱ្យអ្នកដទៃធ្វើក្ដី ដើម្បី ប្រយោជន៍អ្នកដទៃ ត្រូវអាបត្ដិទុក្កដ។
ID: 636783232179836439
ទៅកាន់ទំព័រ៖