ព្រះត្រៃបិដក ភាគ ០៣
(ទើបខ្ញុំទំលាក់ចោលចេញ)។ ភិក្ខុទាំងឡាយនោះសួរថា ម្នាលអាវុសោ ក៏លោកនាំយករោមចៀមទាំងនេះមកអំពីទីមានចម្ងាយប៉ុន្មាន។ ភិក្ខុនោះឆ្លើយថា អាវុសោ ខ្ញុំនាំរោមចៀមទាំងនេះមកអស់ទីឆ្ងាយជាងបីយោជន៍។ ភិក្ខុទាំងឡាយណា មានសេចក្ដីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្ដុះបង្អាប់ថា ភិក្ខុមិនសមបើនឹងនាំយករោមចៀមមកឆ្ងាយជាងបីយោជន៍ដូច្នេះឡើយ។ គ្រានោះ ភិក្ខុទាំងនោះ ក៏ក្រាបទូលដំណើរនុ៎ះដល់ព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុ ឮថាអ្នកឯងនាំយករោមចៀមមកឆ្ងាយជាងបីយោជន៍ ពិតមែនឬ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ដំណើរនោះពិតមែន។ ព្រះសម្ពុទ្ធដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាលមោឃបុរស ហេតុដូចម្ដេចបានជាអ្នកឯងនាំយករោមចៀមមកកាន់ចម្ងាយផ្លូវជាងបីយោជន៍ដូច្នេះ ម្នាលមោឃបុរស អំពើដែលអ្នកធ្វើនេះ មិនមែននាំឱ្យកើតសេចក្ដីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ មិនមែនញុំាងអ្នកដែលជ្រះថ្លាហើយឱ្យរឹងរឹតតែជ្រះថ្លាឡើងទៀតទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា រោមចៀមទាំងឡាយកើតឡើងដល់ភិក្ខុអ្នកដើរផ្លូវឆ្ងាយ កាលបើភិក្ខុប្រាថ្នា គប្បីទទួលយកបាន លុះទទួលហើយ បើមិនមានអ្នកនាំយកទៅឱ្យទេ គប្បីនាំយកទៅ
ID: 636783233120730255
ទៅកាន់ទំព័រ៖