ព្រះត្រៃបិដក ភាគ ០៣

ខ្ញុំ​សូម​លះបង់​នូវ​រូបិយ​នេះ​ដល់​សង្ឃ​។​ ​ភិក្ខុ​លះ​ហើយ​គប្បី​សំដែង​អាបត្ដិ​ចេញ​។​ ​ភិក្ខុ​ដែល​ឆ្លាស​អង់អាច​គប្បី​ទទួលដឹង​នូវ​អាបត្ដិ​។​ ​បើ​ញោម​វត្ដ​ក្ដី​ ​ឧបាសក​ក្ដី​មក​ក្នុង​ទីនោះ​ ​ភិក្ខុ​គប្បី​ពោល​នឹងគេ​ថា​ ​អាវុសោ​ ​អ្នក​ចូរ​ដឹង​ ​នូវ​រូបិយ​នេះ​ចុះ​។​ ​បើ​គេ​ពោល​ថា​ ​លោកម្ចាស់​ឱ្យ​នាំ​យក​នូវ​វត្ថុ​អ្វី​មក​ដោយ​រូបិយ​នេះ​។​ ​ភិក្ខុ​កុំ​គប្បី​ពោល​ថា​ ​អ្នក​ចូរ​នាំ​យក​នូវ​វត្ថុ​នេះ​ឬ​របស់​នេះ​មក​។​ ​ភិក្ខុ​គប្បី​ប្រាប់​វត្ថុ​ដែល​គួរ​ ​គឺ​ ​សប្បិ​ ​ឬ​ប្រេង​ ​ឬ​ទឹកឃ្មុំ​ ​ឬ​ស្ករអំពៅ​។​ ​បើ​ញោម​វត្ដ​ ​ឬ​ឧបាសក​អ្នកចាត់ការ​នោះ​ ​ផ្លាស់ប្ដូរ​ដោយ​រូបិយ​នោះ​ហើយ​ ​នាំ​យក​វត្ថុ​ដ៏​គួរ​មក​ ​ភិក្ខុ​ទាំងពួង​ ​គប្បី​បរិភោគ​បាន​ទាំងអស់​ ​លើក​ ​លែងតែ​ភិក្ខុ​អ្នកទទួល​រូបិយ​មួយ​ចេញ​ ​បើ​អ្នកចាត់ការ​នោះ​បាន​វត្ថុ​ដែល​គួរ​យ៉ាងនោះ​មក​ ​នេះ​ជាការល្អ​ ​បើ​មិនបានទេ​ ​ភិក្ខុ​គប្បី​ពោល​នឹងគេ​ថា​ ​នែអ្នក​ដ៏​មាន​អាយុ​ ​អ្នក​ចូរ​ចោល​រូបិយ​នេះ​ទៅ​។​ ​បើ​គេ​ចោល​រូបិយ​នោះ​ទៅ​ ​នេះ​ជាការល្អ​ ​បើ​គេ​មិន​ចោល​ទេ​ ​ភិក្ខុ​ទាំងឡាយ​គប្បី​សន្មត​ភិក្ខុ​ ​(​មួយ​រូប​)​ ​ប្រកបដោយ​អង្គ​ ​៥​ ​ឱ្យ​ជា​អ្នក​ចោល​នូវ​រូបិយ​ ​គឺ​ភិក្ខុ​ដែល​មិនដល់​នូវ​ ​ឆន្ទាគតិ​ ​១​ ​មិនដល់​នូវ​ទោសាគតិ១​ ​មិនដល់​នូវ​មោហាគតិ១​ ​មិនដល់​នូវ​ ​ភយាគតិ១​ ​ស្គាល់​រូបិយ​ដែល​ចោល​ហើយ​ ​ឬនៅ​មិនទាន់​ចោល១​។
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 636783238516348867
ទៅកាន់ទំព័រ៖