ព្រះត្រៃបិដក ភាគ ០៣
អានន្ទដ៏មានអាយុបានក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់សួរថា ម្នាលអានន្ទ ប៉ុន្មានថ្ងៃទៀតសារីបុត្ដនឹងមក។ ព្រះអានន្ទក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ប្រហែលជា៩ ថ្ងៃ ឬ១០ថ្ងៃទៀត ទើបលោកនិមន្ដមក។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមក ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឱ្យភិក្ខុ ទ្រទ្រង់នូវអតិរេកបាត្របាន១០ថ្ងៃជាកំណត់ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា អតិរេកបាត្រ ភិក្ខុទ្រទ្រង់ទុកបានត្រឹមកំណត់១០ថ្ងៃ កន្លងហួសអំពីនោះទៅ អតិរេកបាត្រនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។
[១១៩] ត្រង់ពាក្យថា ត្រឹមកំណត់១០ថ្ងៃនោះ គឺភិក្ខុគប្បីរក្សាទុកបានត្រឹម១០ថ្ងៃជាយ៉ាងច្រើន។ បាត្រដែលភិក្ខុមិនបានអធិដ្ឋាន មិនបានវិកប្បហៅថា អតិរេកបាត្រ។ ដែលហៅថាបាត្រៗនោះ មានពីរយ៉ាង គឺបាត្រដែក១ បាត្រដី១។ ខ្នាតនៃបាត្រមាន៣យ៉ាង គឺបាត្រយ៉ាងធំ បាត្រយ៉ាងកណ្ដាល បាត្រយ៉ាងតូច។ បាត្រចំណុះបាយនៃអង្ករកន្លះអាឡ្ហក (គឺ២នាឡិមគធ) ចំណុះខាទនីយស្មើចំណែកបាយជាគំរប់៤ និងចំណុះម្ហូបល្មមសមគួរនឹងបាយនោះ ហៅថាបាត្រយ៉ាងធំ។
ID: 636783258432578010
ទៅកាន់ទំព័រ៖