ព្រះត្រៃបិដក ភាគ ០៣
សិក្ខាបទទី ២
[១២៨] សម័យនោះ ព្រះពុទ្ធដ៏ទ្រង់យស កាលសំរេចឥរិយាបថក្នុងនិគ្រោធារាម ជិតក្រុងកបិលវត្ថុ នាដែនសក្កៈ។ សម័យនោះឯង ស្មូនឆ្នាំងម្នាក់បវារណាភិក្ខុទាំងឡាយដោយពាក្យថា លោកម្ចាស់ទាំងឡាយណាមានសេចក្ដីត្រូវការដោយបាត្រ ខ្ញុំព្រះករុណានឹងប្រគេនបាត្រដល់លោកម្ចាស់នោះៗ។ ខណៈនោះឯង ភិក្ខុទាំងឡាយមិនដឹងប្រមាណ សូមបាត្រទាំងឡាយជាច្រើន។ ពួកភិក្ខុណាមានបាត្រតូចៗ ភិក្ខុទាំងនោះក៏សូមបាត្រធំៗ។ ពួកភិក្ខុណាដែលមានបាត្រធំៗ ភិក្ខុ ទាំងនោះក៏សូមបាត្រតូចៗ។ គ្រានោះឯង ស្មូនឆ្នាំងនោះរវល់ធ្វើបាត្រជាច្រើនប្រគេនពួកភិក្ខុ ក៏មិនអាចដើម្បីនឹងធ្វើភាជន៍សម្រាប់ចំណាយឯទៀតបាន សូម្បីនឹងរកចិញ្ចឹមខ្លួនក៏មិនបាន កូននឹងប្រពន្ធទាំងឡាយរបស់ស្មូនឆ្នាំងនោះសោតក៏ព្រួយលំបាក។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា គួរបើដែរ ពួកសមណៈជាកូនចៅរបស់ព្រះពុទ្ធជាសក្យបុត្ដមិនដឹងប្រមាណហើយសូមបាត្រជាច្រើន ស្មូនឆ្នាំងនេះរវល់តែធ្វើបាត្រជាច្រើនប្រគេនភិក្ខុទាំងនេះ ក៏មិនអាចដើម្បីនឹងធ្វើនូវភាជន៍ សម្រាប់ចំណាយឯទៀតបាន សូម្បីនឹងរកចិញ្ចឹមជីវិតខ្លួនក៏មិនបាន
ID: 636783309816557006
ទៅកាន់ទំព័រ៖