ព្រះត្រៃបិដក ភាគ ០៣
ទ្រង់យាងចូលទៅរកបិលិន្ទវច្ឆត្ថេរដ៏មានអាយុជាគំរប់ពីរដង លុះយាងចូលទៅហើយ ទើបទ្រង់បង្គំបិលិន្ទវច្ឆត្ថេរដ៏មានអាយុ ហើយគង់នៅក្នុងទីសមគួរមួយ។ លុះព្រះបាទពិម្ពិសារសេនិយរាជជាធំក្នុងដែនមគធៈគង់ស្រួលបួលហើយ មានព្រះបន្ទូលនឹងបិលិន្ទវច្ឆត្ថេរដ៏មានអាយុថា បពិត្រលោកម្ចាស់ ព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់អនុញ្ញាតអារាមិកជនហើយឬ។ បិលិន្ទវច្ឆត្ថេរថ្វាយព្រះពរថា បពិត្រមហារាជ ព្រះអង្គបានអនុញ្ញាតហើយ។ ទ្រង់ត្រាស់ថា បពិត្រលោកដ៏ចំរើន បើដូច្នោះញោមប្រគេនអារាមិកជនម្នាក់ដល់លោកម្ចាស់។ គ្រានោះ ព្រះបាទពិម្ពិសារសេនិយរាជជាធំក្នុងដែនមគធៈទ្រង់ប្ដេជ្ញាថាប្រគេនអារាមិកជនដល់បិលិន្ទវច្ឆត្ថេរដ៏មានអាយុ ហើយក៏ភ្លេចព្រះស្មារតី យូរបន្ដិចទៅ ទ្រង់រលឹកឃើញវិញ ទើបទ្រង់ត្រាស់ហៅមហាអាមាត្យម្នាក់ជាអ្នកសម្រេចរាជការទាំងពួងថា នែមហាអាមាត្យ អារាមិកជនណាដែលយើងបម្រុងនឹងប្រគេនលោកម្ចាស់ អារាមិកជននោះ យើងបានប្រគេនលោកហើយឬ។ មហាអាមាត្យក្រាបទូលថា បពិត្រព្រះសម្មតិទេព អារាមិកជន ទ្រង់មិនទាន់ប្រគេនដល់លោកម្ចាស់នៅឡើយទេ។ ស្ដេចត្រាស់សួរថា នែមហាអាមាត្យ រាប់ពីរាត្រីនេះទៅ បានប៉ុន្មានរាត្រីហើយ។ លំដាប់នោះ មហាអាមាត្យនោះបានរាប់រាត្រីសព្វគ្រប់ហើយ ក្រាបទូលព្រះបាទពិម្ពិសារសេនិយរាជជាធំក្នុងដែនមគធៈដូច្នេះថា
ID: 636783314907988219
ទៅកាន់ទំព័រ៖