ព្រះត្រៃបិដក ភាគ ០៣
សិក្ខាបទទី ៥
[១៤៩] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ កាលគង់ក្នុងវត្ដជេតពន ជារបស់អនាថបិណ្ឌិកមហាសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ឧបនន្ទសក្យបុត្រដ៏មានអាយុ បាននិយាយពាក្យនេះនឹងភិក្ខុដែលជាសទ្ធិវិហារិករបស់ព្រះថេរជាបងថា នែអាវុសោ អ្នកចូរមក យើងនឹងចៀសទៅកាន់ចារិកក្នុងជនបទ។ ភិក្ខុនោះឆ្លើយថា បពិត្រលោកដ៏ចំរើន ខ្ញុំករុណាទៅមិនបានទេ (ដ្បិត)ខ្ញុំករុណាមានចីវរចាស់គ្រាំគ្រាហើយ។ ឧបនន្ទភិក្ខុនិយាយថា មកចុះអាវុសោ ខ្ញុំនឹងឱ្យចីវរលោក ហើយបានឱ្យចីវរទៅភិក្ខុនោះ។ ភិក្ខុនោះបានឮថា ព្រះដ៏មានព្រះភាគម្ចាស់នឹងទ្រង់ពុទ្ធដំណើរទៅកាន់ចារិកក្នុងជនបទ។ ទើបភិក្ខុនោះត្រិះរិះយ៉ាងនេះថា ឥឡូវនេះ អញមិនចៀសទៅកាន់ចារិកក្នុងជនបទជាមួយនឹងឧបនន្ទសក្យបុត្រដ៏មានអាយុទេ អញមុខជានឹងទៅកាន់ចារិកក្នុងជនបទជាមួយនឹងព្រះដ៏មានព្រះភាគវិញ។ លំដាប់នោះ ឧបនន្ទសក្យបុត្រដ៏មានអាយុនិយាយពាក្យនេះនឹងភិក្ខុនោះថា ឥឡូវនេះ អាវុសោ លោកចូរមក យើងនឹងនាំគ្នាទៅកាន់ចារិកក្នុងជនបទ។ ភិក្ខុនោះឆ្លើយថា បពិត្រលោកដ៏ចំរើន ខ្ញុំករុណាមិនទៅកាន់ចារិកក្នុងជនបទជាមួយនឹងលោកទេ
ID: 636783323541812045
ទៅកាន់ទំព័រ៖