ព្រះត្រៃបិដក ភាគ ០៣
ពិតមែនឬ។ ឧបនន្ទក្រាបទូលថា សូមទ្រង់ព្រះមេត្ដាប្រោស ការនោះពិតមែន។ ព្រះអង្គត្រាស់សួរថា នែឧបនន្ទ បុរសនោះ ជាញាតិរបស់អ្នកឯង ឬមិនមែនជាញាតិទេ។ ឧបនន្ទក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគជាម្ចាស់ បុរសនោះមិនមែនជាញាតិទេ។ ម្នាលមោឃបុរស បុគ្គលមិនមែនជាញាតិតែងមិនទទួលដឹងនូវការសមគួរ និងមិនសមគួរ ការល្អិតល្អ និងមិនល្អិតល្អ របស់បុគ្គលដែលមិនមែនជា ញាតិទេ នែមោឃបុរស ក្នុងរឿងចីវរនោះ (បើ) ម្ចាស់ចីវរគេមិនបានបវារណាមកពីដើមទេ អ្នកឯងមិនសមបើនឹងហ៊ានចូលទៅរកពួកជាងដម្បាញ របស់គហបតិដែលមិនមែនជាញាតិ ហើយដល់នូវកិរិយាកំណត់ក្នុងចីវរ (គឺរិះគន់ចង់បានល្អឱ្យហួសហេតុដូច្នេះសោះ) នែមោឃបុរស អំពើដែល អ្នកឯងធ្វើមកនេះ មិនមែននាំឱ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា និងមិនមែននាំឱ្យជនដែលជ្រះថ្លាស្រាប់ហើយ ឱ្យរឹងរឹតតែ ជ្រះថ្លាឡើងទេ។ បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បី សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា គហបតិ (គឺបុរសជាម្ចាស់ផ្ទះ)ក្ដី គហបតានី (គឺស្រីជាម្ចាស់ផ្ទះ)ក្ដីដែលមិនមែនជាញាតិ ឱ្យជាងដម្បាញត្បាញចីវរចំពោះភិក្ខុណាមួយ។ បើភិក្ខុនោះ ដែលអ្នកម្ចាស់ចីវរគេមិនបានបវារណាមកពីមុនក្នុងរឿងចីវរនោះ អាចហ៊ានចូលទៅរកជាងដម្បាញ
ID: 636783328616682311
ទៅកាន់ទំព័រ៖