ព្រះត្រៃបិដក ភាគ ០៣
ពាក្យថា បើភិក្ខុនោះ សេចក្ដីថាម្ចាស់ចីវរឱ្យត្បាញចីវរចំពោះភិក្ខុអង្គណា សំដៅយកភិក្ខុនោះ។ ពាក្យថា គេមិនបានបវារណាមកពីមុន គឺមិនបាននិយាយគ្នាទុកមកពីមុនថា បពិត្រលោកម្ចាស់ លោកត្រូវការចីវរយ៉ាងណា ខ្ញុំករុណានឹងឱ្យជាងដម្បាញត្បាញចីវរយ៉ាងណា ប្រគេនលោក។ ពាក្យថា ចូលទៅរកជាងដម្បាញ គឺទៅផ្ទះជាងដម្បាញ ឬចូលទៅរកគេក្នុងកន្លែងណាមួយ។ ពាក្យថា ដល់នូវកិរិយាកំណត់ក្នុងចីវរ គឺនិយាយថា នែអ្នកដ៏មានអាយុ ចីវរនេះគេឱ្យត្បាញចំពោះអាត្មាហើយ អ្នកទាំងឡាយចូរធ្វើឱ្យវែង ឱ្យទូលាយ ឱ្យសាច់ញឹក ធ្វើឱ្យស្មើល្អ រឹតឱ្យ តឹងល្អ ត្រដោះកួតឱ្យល្អ និងសិតឱ្យល្អ សឹមអាត្មាឯងនឹងថែមរបស់អ្វី ៗ ឱ្យពួកអ្នកដ៏មានអាយុខ្លះមិនខាន។ ពាក្យថា ភិក្ខុនោះ លុះនិយាយយ៉ាងនេះហើយ ក៏ថែមរង្វាន់បន្ដិចបន្ដួចឱ្យ ដោយហោចទៅទុកជាគ្រាន់តែចង្ហាន់បិណ្ឌបាត អធិប្បាយថាបបរក្ដី បាយក្ដីរបស់គួរទំពារស៊ីក្ដី ហៅថា បិណ្ឌបាត ដោយហោចទៅ សូម្បីដុំលំអិតសម្រាប់ងូតក្ដី ឈើស្ទន់ក្ដី អម្បោះរងជើងក្ដី ភិក្ខុសំដែងធម៌ឱ្យស្ដាប់(ក៏ហៅថាបិណ្ឌបាតក្នុងសិក្ខាបទ នេះដែរ) បើជាងដម្បាញត្បាញចីវរឱ្យវែងក្ដី ឱ្យទូលាយក្ដី ឱ្យមានសាច់ញឹកក្ដី តាមពាក្យ(បង្គាប់) របស់ភិក្ខុនោះ ត្រូវអាបត្ដិទុក្កដតាមប្រយោគ។
ID: 636783329213376440
ទៅកាន់ទំព័រ៖