ព្រះត្រៃបិដក ភាគ ០៣
បើបានក្រាលកឋិនត្រូវកំណត់យក៥ខែ។ ពាក្យថា ថាបើភិក្ខុទុកដាក់ឱ្យហួសកំណត់នោះទៅ គឺថាបើមិនបានក្រាលកឋិន ភិក្ខុបណ្ដោយឱ្យអច្ចេកចីវរកន្លងថ្ងៃខាងចុងនៃវស្សានរដូវ គឺថ្ងៃពេញបូណ៌មីខែកត្ដិកទៅ អច្ចេកចីវរនោះជានិស្សគ្គិយ។ បើភិក្ខុក្រាលកឋិនរួចហើយ បណ្ដោយឱ្យ អច្ចេកចីវរកន្លងហួសថ្ងៃដែលភិក្ខុដោះកឋិនទៅ អច្ចេកចីវរនោះជានិស្សគ្គិយដែរ ភិក្ខុត្រូវលះបង់ដល់សង្ឃក៏បាន គណៈក៏បាន បុគ្គលក៏បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីលះបង់យ៉ាងនេះថា។បេ។ បពិត្រព្រះសង្ឃដ៏ចំរើន អច្ចេកចីវររបស់ខ្ញុំនេះ ខ្ញុំទុកឱ្យកន្លងសម័យចីវរកាលទៅហើយ ចីវរនេះជានិស្សគ្គិយ ខ្ញុំករុណាសូមលះបង់អច្ចេកចីវរនេះ ដល់សង្ឃ សេចក្ដីអំពីនេះទៅ មានសេចក្ដីដូចគ្នានឹងសិក្ខាបទទី ១នៃចីវរវគ្គខាងដើមហើយ។
[១៦៣] អច្ចេកចីវរពិតមែន ភិក្ខុក៏សំគាល់ថាជាអច្ចេកចីវរ បើភិក្ខុទុកឱ្យកន្លងសម័យចីវរកាលទៅ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានសេចក្ដីសង្ស័យក្នុងអច្ចេកចីវរ ហើយទុកឱ្យកន្លងសម័យចីវរកាលទៅ ត្រូវនិស្សគ្គិយបាចិត្ដិយ។ អច្ចេកចីវរមែន ភិក្ខុសំគាល់ថាមិនមែនជាអច្ចេកចីវរ ទុកឱ្យកន្លងហួសសម័យចីវរកាលទៅត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុសំគាល់អច្ចេកចីវរដែលមិនបានអធិដ្ឋាន ថាបានអធិដ្ឋានហើយក្តី សំគាល់អច្ចេកចីវរ
ID: 636783332744368401
ទៅកាន់ទំព័រ៖