ព្រះត្រៃបិដក ភាគ ០៣

អ្នក​ទាំងឡាយ​គប្បី​សំដែង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​កាលបើ​ភិក្ខុ​ទាំង​ឡាយ​ចំា​វស្សា​រួចហើយ​ ​លុះដល់​មក​ពេញបូណ៌មី​ខែកត្ដិក​។​ ​សេនាសនៈ​ទាំងឡាយ​ណា​ដែល​តាំងនៅ​ក្នុង​ព្រៃ​ ​ដែលគេ​សម្មតិ​ថា​ជាទី​មាន​សេចក្ដី​រង្កៀស​ ​មាន​ភ័យ​ចំពោះមុខ​ ​កាល​ភិក្ខុ​នៅក្នុង​សេនាសនៈ​ទាំងឡាយ​មាន​សភាព​ដូច្នោះ​ ​បើ​មាន​ចំណង់​នឹង​ទុក​ចីវរ​ ​គប្បី​ទុក​បណ្ដា​ចីវរ​ទាំង៣ចីវរ​ណាមួយ​ក្នុង​ចន្លោះផ្ទះ​។​ ​តែបើ​ភិក្ខុ​នោះ​មានហេតុ​អ្វី​នីមួយ​ល្មម​ឱ្យ​នៅ​ប្រាសចាក​ចីវរ​នោះ​បាន​ ​ភិក្ខុ​នោះ​គប្បី​នៅ​ ​ប្រាសចាក​ចីវរ​នោះ​យ៉ាង​យូរ​ត្រឹម៦រាត្រី​។​ ​បើ​នៅ​ប្រាសចាក​ឱ្យ​ហួសពី​កំណត់​នោះ​ទៅ​ ​ត្រូវ​អាបត្ដិ​ ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​ ​វៀរលែងតែ​ភិក្ខុ​ដែល​បាន​សេចក្ដី​សម្មតិ​អំពី​សង្ឃ​។​ ​
 [​១៦៦​]​ ​ត្រង់​ពាក្យ​ថា​ ​ចាំវស្សា​រួចហើយ​ ​គឺ​ចេញវស្សា​ហើយ​។​ ​ពាក្យ​ថា​ ​ពេញបូណ៌មី​ខែកត្ដិក​ ​គឺថា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សំដៅយក​ខែទី៤​ ​(​ខែវស្សា​នរ​ដូវ​)​ ​ឈ្មោះថា​ ​កត្ដិក​(​១​)​។​ ​ពាក្យ​ថា​សេនាសនៈ​ ​ទំាង​ឡាយ​ណា​ដែល​តាំងនៅ​ក្នុង​ព្រៃ​ ​គឺ​សេនាសន​ដែល​តាំងនៅ​ក្នុង​ព្រៃ​ ​មាន​ចម្ងាយ​ពី​ស្រុក៥០០​ ​ជួរ​ធ្នូ​កំណត់​យ៉ាង​ជិត​បំផុត​។​ ​ដែល​ហៅថា​ ​ទី​មាន​សេចក្ដី​រង្កៀស​នោះ​ ​បាន​ដល់​ឱកាស​ដែល​ពួក​ចោរ​អាស្រ័យ​នៅ​ ​បរិភោគ​ ​ឈរ​ ​អង្គុយ​ ​ដេក​ ​មាន​ប្រាកដ​ក្នុង​អារាម​ ​ឬ​ឧបចារ​នៃ​អារាម​។​
​(​១​)​ ​តាម​អដ្ឋកថា​ ​ហៅថា​ ​បច្ឆិម​កត្ដិក​ ​។​
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 636783334732992144
ទៅកាន់ទំព័រ៖