ព្រះត្រៃបិដក ភាគ ០៣
ឮពាក្យភិក្ខុខាងណោះហើយយកមកនិយាយប្រាប់ភិក្ខុខាងណេះ ដើម្បីបំបែកភិក្ខុខាងណោះ ព្រោះហេតុនោះ សេចក្ដីបង្កហេតុទាំងឡាយ ដែលមិនទាន់កើត ក៏កើតឡើងផង សេចក្ដីបង្កហេតុទាំងឡាយដែលបាន កើតឡើងហើយ ក៏រឹងរឹតតែចំរើនដោយក្រៃលែងផង។ គ្រានោះ ពួកភិក្ខុទាំងនោះក៏បានក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថាអ្នកទាំងឡាយតែងពាំនាំពាក្យញុះញង់របស់ភិក្ខុទាំងឡាយដែលបង្កហេតុប្រកួតប្រកាន់ ឈ្លោះវិវាទគ្នា ឮពាក្យភិក្ខុខាងណេះហើយយកទៅនិយាយប្រាប់ភិក្ខុខាងណោះ ដើម្បីបំបែកភិក្ខុខាងណេះ ឮពាក្យភិក្ខុខាងណោះ ហើយយកមកនិយាយប្រាប់ភិក្ខុខាងណេះ ដើម្បបំបែកភិក្ខុខាងណោះ ព្រោះហេតុនោះ សេចក្ដីបង្កហេតុទាំងឡាយដែលមិនទាន់កើតក៏កើតឡើងផង សេចក្ដីបង្កហេតុទាំងឡាយដែលបានកើតឡើងហើយ ក៏រឹងរឹតតែចំរើន ដោយក្រៃលែងឡើងផង(រឿងនេះ) ពិតឬ។ ពួកឆព្វគ្គិយភិក្ខុក៏ក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ មិនសមបើអ្នកទាំងឡាយនឹងពាំនាំពាក្យញុះញង់ របស់ពួកភិក្ខុដែលបង្កហេតុ ប្រកួតប្រកាន់ ឈ្លោះវិវាទគ្នា ឮពាក្យភិក្ខុខាងណេះហើយយកទៅនិយាយប្រាប់ភិក្ខុខាងណោះ
ID: 636783425029926833
ទៅកាន់ទំព័រ៖