ព្រះត្រៃបិដក ភាគ ០៣
[២៧៦] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុផងគ្នានាំ ពាក្យញុះញង់ទៅប្រាប់ឧបសម្បន្នភិក្ខុឯទៀតថា ភិក្ខុឈ្មោះនេះនិយាយចំពោះលោកថា លោកជាបណ្ឌិត ជាអ្នកឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក ទុគ្គតិរបស់លោកគ្មានទេ សុគតិតែម្យ៉ាងនឹងប្រាកដដល់លោក(ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិបាចិត្ដិយរាល់ៗ ម៉ាត់។
[២៧៧] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុផងគ្នានាំ ពាក្យញុះញង់ទៅប្រាប់ឧបសម្បន្នភិក្ខុឯទៀតថា ភិក្ខុឈ្មោះនេះ និយាយថា ក្នុងលោកនេះ ជនពួកខ្លះ ជាចណ្ឌាល ជាជាងផែង ជាអ្នកនេសាទ ជាជាងរថ ជាអ្នកចោលសម្រាម ក៏សឹងមាន ឯភិក្ខុនោះ (ដែលពោលពាក្យដូច្នេះ ) មិនមែនពោលឱ្យអ្នកដទៃទេ ពោលចំពោះលោកជាប្រាកដ (ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិទុក្កដរាល់ៗ ម៉ាត់។
[២៧៨] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុផងគ្នានាំ ពាក្យញុះញង់ទៅប្រាប់ឧបសម្បន្នភិក្ខុឯទៀតថា ភិក្ខុឈ្មោះនេះនិយាយថា ក្នុងលោកនេះ ជនពួកខ្លះជាក្សត្រ ជាព្រាហ្មណ៍ ក៏សឹងមាន ឯភិក្ខុនោះ (ដែលពោលពាក្យដូច្នេះ) មិនមែនពោលឱ្យអ្នកដទៃទេ គឺពោលចំពោះ លោកជាប្រាកដ (ភិក្ខុអ្នកញុះញង់នោះ)ត្រូវអាបត្ដិទុក្កដរាល់ៗ ម៉ាត់។ បេ។
ID: 636783428576379679
ទៅកាន់ទំព័រ៖