ព្រះត្រៃបិដក ភាគ ០៣
ពុំនោះសោត នៅដេកទាំងពីរនាក់ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ អ្នកទាំងពីរនាក់ក្រោកឡើងហើយដេកទៅវិញរឿយៗ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។
[២៩២] អនុបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្ន សម្រេចនូវទី ដេករួមគ្នាលើសជាងពីរយប់ ឬបីយប់ឡើងទៅ ត្រូវអាបត្ដិបាចិត្ដិយ។ អនុបសម្បន្ន តែភិក្ខុមានសេចក្ដីសង្ស័យ ហើយសម្រេចនូវទីដេករួមគ្នាលើសជាងពីរយប់ ឬបីយប់ឡើងទៅ ត្រូវអាបត្ដិបាចិត្ដិយ។ អនុបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្នទៅវិញ ហើយសម្រេចនូវទីដេករួមគ្នាលើស ជាងពីរយប់ ឬបីយប់ឡើងទៅ ត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុត្រូវអាបត្ដិទុក្កដ ក្នុងទីដែលប្រក់បានពាក់កណ្ដាល បិទបាំងពាក់កណ្ដាល។ ឧបសម្បន្ន ភិក្ខុសំគាល់ថា អនុបសម្បន្ន ត្រូវអាបត្ដិទុក្កដ។ ឧបសម្បន្ន តែភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ពិតមែន ជាអនាបត្ដិ។
[២៩៣] អាបត្ដិមិនមានដល់ភិក្ខុនៅអស់ពីររាត្រី ឬបីរាត្រី (គឺដេក នៅជាមួយអនុបសម្បន្ន) ដល់ភិក្ខុដែលដេកនៅថយអំពីពីរ ឬបីរាត្រីចុះមក ដល់ភិក្ខុដែលដេកនៅបានពីររាត្រីរួច ហើយចេញទៅអំពីពេលមុនអរុណរះ
ID: 636783433365823620
ទៅកាន់ទំព័រ៖