ព្រះត្រៃបិដក ភាគ ០៣
នាំមកនូវសេចក្ដីជ្រះថ្លាដែរ បពិត្រលោកដ៏ចំរើន ខ្ញុំករុណាសូមធ្វើជាប្រពន្ធរបស់លោកម្ចាស់។ កាលដែលស្រីនោះនិយាយយ៉ាងនេះហើយ ព្រះ អនុរុទ្ធដ៏មានអាយុក៏ស្ងៀមនៅ។ ស្រីនោះបាននិយាយពាក្យនេះនឹងព្រះ អនុរុទ្ធដ៏មានអាយុជាគំរប់ពីរដងទៀត។ បេ។ ជាគំរប់បីដងទៀតថា បពិត្រលោកដ៏ចំរើន លោកម្ចាស់មានរូបល្អ គួរទស្សនាការ នាំមកនូវសេចក្ដីជ្រះថ្លា ឯខ្ញុំករុណាក៏ជាស្រីមានរូបល្អគួររមិលមើល នាំមកនូវសេចក្ដីជ្រះថ្លាដែរ បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់ព្រមទទួលយកនូវខ្ញុំករុណា នឹងសម្បត្ដិទាំងពួងចុះ។ ព្រះអនុរុទ្ធដ៏មានអាយុក៏ស្ងៀមនៅអស់វារៈជាគំរប់បីដង។ ឯស្រីនោះក៏ដាក់សម្ពត់សាដកទាំងអស់ផុតចេញ (ពីខ្លួន) ហើយដើរខ្លះ ឈរខ្លះ អង្គុយខ្លះ ដេកខ្លះ ខាងមុខនៃព្រះអនុរុទ្ធដ៏មាន អាយុ។ ខណៈនោះ ព្រះអនុរុទ្ធដ៏មានអាយុក៏សង្រួមនូវឥន្ទ្រិយទាំងឡាយ ហើយមិនបានក្រឡេកមើលមិនបានចរចានឹងស្រីនោះឡើយ។ ឯស្រីនោះ ក៏លាន់មាត់ថា អើហ្ន៎គួរឱ្យអស្ចារ្យពេកណាស់ អើហ្ន៎មិនដែលឃើញទេតើ មនុស្សទាំងឡាយជាច្រើនរមែងបញ្ជូនមក ដោយរយកហាបណៈខ្លះដោយពាន់កហាបណៈខ្លះ ដើម្បីរូបអញ ឯសមណៈនេះអញខំលួងលោមដល់ម្ល៉េះ
ID: 636783434656527444
ទៅកាន់ទំព័រ៖