ព្រះត្រៃបិដក ភាគ ០៣
ក៏នាំគ្នាក្រាបទូលសេចក្ដីនុ៎ះចំពោះព្រះដ៏មានព្រះភាគម្ចាស់។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលឧទាយិ បានឮថាអ្នកឯងសំដែងធម៌ដល់មាតុគ្រាម ពិតមែនឬទេ។ ឧទាយិភិក្ខុក្រាបទូលថា សូមទ្រង់មេត្ដាប្រោស ពិតមែនហើយ។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរស អ្នកឯងមិនសមបើនឹងសំដែងធម៌ដល់មាតុគ្រាមទេ ម្នាលមោឃបុរស អំពើនេះមិននាំឱ្យជ្រះថ្លាដល់បុគ្គលដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយសំដែងធម៌ដល់មាតុគ្រាម ត្រូវអាបត្ដិបាចិត្ដិយ។ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្ដសិក្ខាបទនេះដល់ភិក្ខុទាំងឡាយ ដោយប្រការដូច្នេះ។
[២៩៩] សម័យនោះឯង ពួកឧបាសិកាឃើញភិក្ខុទាំងឡាយ ក៏និយាយពាក្យនេះថា បពិត្រលោកម្ចាស់ទាំងឡាយ ពួកខ្ញុំករុណា សូមអារាធនា សូមលោកម្ចាស់ទាំងឡាយមេត្ដាសំដែងធម៌ឱ្យទាន។ ពួកភិក្ខុឆ្លើយថា ម្នាលប្អូនស្រី ការសំដែងធម៌ដល់មាតុគ្រាមមិនគួរទេ។ ពួកឧបាសិកាទូលថា បពិត្រលោកម្ចាស់ទាំងឡាយ ពួកខ្ញុំករុណាសូមអារាធនា សូមលោកម្ចាស់ទាំងឡាយមេត្ដាសំដែងធម៌ត្រឹមប្រាំម៉ាត់ ឬប្រាំមួយម៉ាត់ឱ្យ ទានចុះ ពួកខ្ញុំករុណា អាចចាំធម៌បានដោយពាក្យមានប្រមាណប៉ុណ្ណេះ។
ID: 636783437271727024
ទៅកាន់ទំព័រ៖