ព្រះត្រៃបិដក ភាគ ០៣
[៣០២] មាតុគ្រាម ភិក្ខុសំគាល់ថាមាតុគ្រាម ហើយសំដែងធម៌ ឱ្យលើសពីប្រាំម៉ាត់ឬប្រាំមួយម៉ាត់ឡើងទៅ ដោយគ្មានបុរសដឹងក្ដី (នៅជិតខាង) ត្រូវអាបត្ដិបាចិត្ដិយ។ មាតុគ្រាម ភិក្ខុមានសេចក្ដីសង្ស័យ ហើយសំដែងធម៌ឱ្យលើសពីប្រាំម៉ាត់ឬប្រាំមួយម៉ាត់ឡើងទៅ ដោយគ្មានបុរសដឹងក្ដី (នៅជិតខាង) ត្រូវអាបត្ដិបាចិត្ដិយ។ មាតុគ្រាម ភិក្ខុសំគាល់ ថា មិនមែនមាតុគ្រាម ហើយសំដែងធម៌ឱ្យលើសពីប្រាំម៉ាត់ឬប្រាំមួយម៉ាត់ ឡើងទៅដោយគ្មានបុរសដឹងក្ដី (នៅជិតខាង) ត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុសំដែងធម៌ឱ្យលើសពីប្រាំម៉ាត់ឬប្រាំមួយម៉ាត់ឡើងទៅ ដល់យក្សស្រី ក្ដី ប្រេតស្រីក្ដី ជនខ្ទើយក្ដី តិរច្ឆានញីមានរាងកាយដូចមនុស្សស្រីក្ដី ដោយគ្មានបុរសដឹងក្ដី (នៅជិតខាង) ត្រូវអាបត្ដិទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុសំគាល់ថាជាមាតុគ្រាម ត្រូវអាបត្ដិទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុសំ- គាល់ថាមិនមែនមាតុគ្រាម មិនត្រូវអាបត្ដិអ្វីឡើយ។
ID: 636783438489226661
ទៅកាន់ទំព័រ៖