ព្រះត្រៃបិដក ភាគ ០៣

ក៏​សំឡឹង​មើលទៅ​អង្គជាត​នាង​ភិក្ខុនី​នោះ​។​ ​ទឹកអសុចិ​ក៏​ហូរ​ធ្លាក់​ពី​អង្គជាត​របស់​ឧទាយិ​ភិក្ខុ​នោះ​។​ ​លំដាប់នោះ​ ​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​ក៏​និយាយទៅ​នឹង​ភិក្ខុនី​នោះ​ថា​ ​នែ​ប្អូនស្រី​ ​ឯង​ចូរ​ទៅ​នាំ​យក​ទឹក​មក​ ​អញ​នឹង​លាង​ស្បង់​។​ ​នាង​ភិក្ខុនី​នោះ​តប​វិញ​ថា​ ​លោកម្ចាស់​ ​សូម​លោកម្ចាស់​ឱ្យ​ស្បង់​មក​ខ្ញុំ​វិញ​ ​ខ្ញុំ​នឹង​លាង​ប្រគេន​។​ ​វេលា​នោះ​ឯង​ ​នាង​ភិក្ខុនី​នោះ​ ​ក៏បាន​យក​ទឹកអសុចិ​ ​របស់​ឧទាយិ​ភិក្ខុ​នោះ​បន្ដិច​ដាក់​ក្នុង​មាត់​ ​យក​បន្ដិច​ដាក់​ក្នុង​អង្គជាត​។​ ​នាង​ភិក្ខុនី​នោះ​ក៏​មានគភ៌​ដោយសារ​ទឹកអសុចិ​នោះ​។​ ​ពួក​នាង​ភិក្ខុនី​ក៏បាន​និយាយ​យ៉ាងនេះ​ថា​ ​នាង​ភិក្ខុនី​នេះ​មិនមែន​ប្រព្រឹត្ដ​ធម៌​ដ៏​ប្រសើរ​ទេ​ ​ទើបបាន​នាង​ភិក្ខុនី​នេះ​មានគភ៌​។​ ​នាង​ភិក្ខុនី​នោះ​តប​វិញ​ថា​ ​ម្នាលនាង​ទាំងឡាយ​ ​ខ្លួនខ្ញុំ​មិនបាន​ប្រព្រឹត្ដ​ធម៌​ដ៏​ប្រសើរ​ទេ​។​ ​វេលា​នោះ​ ​នាង​ភិក្ខុនី​នោះ​បាន​ប្រាប់​ ​សេចក្ដី​នុ៎ះ​ដល់​នាង​ភិក្ខុនី​ផងគ្នា​។​ ​នាង​ភិក្ខុនី​ទាំងឡាយ​ ​ក៏​លើកទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​មិនសមបើ​លោក​ម្ចាស់​ឧទាយិ​ ​ប្រើ​នាង​ភិក្ខុនី​ឱ្យ​លាង​ចីវរ​ចាស់​ ​(​របស់​ខ្លួន​សោះ​)​។​ ​លំដាប់នោះ​ ​ពួក​នាង​ភិក្ខុនី​ទាំងនោះ​បាន​ប្រាប់​សេចក្ដី​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ពួក​ភិក្ខុ​ណា​ដែល​មានប្រាថ្នា​តិច​។​បេ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ក៏​លើកទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​គួរបើ​ដែរ​ ​ឧទាយិ​ដ៏​មាន​អាយុ​ ​ប្រើ​នាង​ភិក្ខុនី​ឱ្យ​លាង​ចីវរ​ចាស់​ ​។
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 636783187513901694
ទៅកាន់ទំព័រ៖