ព្រះត្រៃបិដក ភាគ ០៣
[៣៦៥] កាលបើអញ្ញវាទកម្មដែលសង្ឃបានលើកឡើងហើយ ភិក្ខុ(ណាមួយ) ដែលភិក្ខុកំពុងសាកសួរចំពោះវត្ថុក្ដី ចំពោះអាបត្ដិក្ដី ក្នុងកណ្ដាលជំនុំសង្ឃ ហើយមិនប្រាថ្នានឹងពោលនូវវត្ថុ និងអាបត្ដិនោះ មិន ប្រាថ្នានឹងបើកឡើងនូវវត្ថុ និងអាបត្ដិនោះ ត្រឡប់ជាពោលបិទបាំងនូវពាក្យ ដទៃដោយពាក្យដទៃវិញថា នរណាត្រូវអាបត្ដិ។ បេ។ លោកទាំង ឡាយពោលដូចម្ដេច ភិក្ខុនោះ ត្រូវអាបត្ដិបាចិត្ដិយ។ កាលបើវិហេសកកម្មដែលសង្ឃបានលើកឡើងហើយ ភិក្ខុ (ណាមួយ) ដែលភិក្ខុកំពុងសាកសួរចំពោះវត្ថុក្ដី ចំពោះអាបត្ដិក្ដី ក្នុងកណ្ដាលជំនុំសង្ឃ មិនប្រាថ្នានឹងពោលនូវវត្ថុ និងអាបត្ដិនោះ មិនប្រាថ្នានឹងបង្ហើបនូវវត្ថុ និងអាបត្ដិនោះស្ងៀមមិនស្ដី នាំឱ្យសង្ឃបានសេចក្ដីលំបាក ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។
[៣៦៦] កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកបដោយធម៌ តែពោលនូវពាក្យដទៃ នាំឱ្យសង្ឃបានសេចក្ដីលំបាក ត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុមានសេចក្ដីសង្ស័យក្នុងកម្មប្រកបដោយធម៌ ហើយពោលនូវពាក្យដទៃ នាំឱ្យសង្ឃបានសេចក្ដីលំបាក ត្រូវអាបត្ដិបាចិត្ដិយ។ កម្មប្រកបដោយធម៌ ភិក្ខុមានសេចក្ដីសំគាល់ថាកម្មមិនប្រកបដោយធម៌វិញ ហើយពោលនូវពាក្យដទៃ នាំឱ្យសង្ឃបានសេចក្ដីលំបាក ត្រូវអាបត្ដិបាចិត្ដិយ ។ កម្មមិនប្រកបដោយធម៌ ភិក្ខុមានសេចក្ដីសំគាល់ថាកម្ម
ID: 636783464129803218
ទៅកាន់ទំព័រ៖