ព្រះត្រៃបិដក ភាគ ០៣
សិក្ខាបទទី ៣
[៣៦៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្ដវេឡុវន កលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង ព្រះទព្វមល្លបុត្ដដ៏មានអាយុ តែងក្រាលនូវសេនាសនៈផង តែងឧទ្ទិសនូវភត្ដផងដល់សង្ឃ។ លំដាប់នោះ ពួកមេត្ដិយភុម្មជកភិក្ខុ ទើបនឹងបួសថ្មីផង ជាមនុស្សមានបុណ្យតិចផង អស់ទាំងសេនាសនៈណា ដ៏ថោកថយរបស់សង្ឃ សេនាសនៈទាំងនោះ ត្រូវបានមកពួកភិក្ខុទាំងនោះ មួយទៀតភត្ដទាំងឡាយណាដ៏ថោកថយ ក៏ត្រូវបានមកពួកភិក្ខុទាំងនោះដែរ។ ពួកមេត្ដិយភុម្មជកភិក្ខុនោះ ក៏បង្គាប់ភិក្ខុទាំងឡាយឱ្យពោលទោសព្រះទព្វមល្លបុត្ដដ៏មានអាយុថា ព្រះទព្វមល្លបុត្ដ ក្រាលសេនាសនៈតាមសេចក្ដីគាប់ចិត្ដរបស់ខ្លួន ម្យ៉ាងទៀត លោកឧទ្ទិសនូវភត្ដតាមសេចក្ដីគាប់ចិត្ដរបស់ខ្លួន។ ពួកភិក្ខុណាមានសេចក្ដីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា មេត្ដិយភុម្មជកភិក្ខុទាំងឡាយមិនសមបើនឹងបង្គាប់ភិក្ខុទាំងឡាយឱ្យពោលទោស ព្រះទព្វមល្លបុត្ដដ៏មានអាយុសោះ។
ID: 636783464897417123
ទៅកាន់ទំព័រ៖