ព្រះត្រៃបិដក ភាគ ០៣
មិនបានប្រើគេឱ្យរើយកមកទុកដាក់ ហើយឥតបានប្រាប់ (អ្នកដទៃ) ស្រាប់តែដើរចេញទៅ ត្រូវអាបត្ដិបាចិត្ដិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ ទ្រង់បានបញ្ញត្ដិហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[៣៧៥] សម័យនោះ មានភិក្ខុច្រើនរូបនៅក្នុងទីវាល លុះព្រឹកឡើងក៏នាំគ្នាជញ្ជូនយកគ្រឿងសេនាសនៈទៅ។ ព្រះដ៏មានព្រះភាគ ទ្រង់បានទតឃើញភិក្ខុទាំងនោះ កំពុងតែជញ្ជូនយកគ្រឿងសេនាសនៈទៅអំពីព្រឹក។ លុះទ្រង់បានទតឃើញ ទើបទ្រង់ធ្វើនូវធម្មីកថា ព្រោះរឿងនេះ ដំណើរនេះ ហើយត្រាស់ហៅភិក្ខុទាំងឡាយដោយព្រះពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយ ពួកសត្វក្អែកក្ដី ពួកសត្វខ្លែងក្ដី មិនបានបន្ទោបង់ នូវឧច្ចារៈដាក់ក្នុងទីណា តថាគតអនុញ្ញាតឱ្យទុកដាក់គ្រឿងសេនាសនៈក្នុងទីនោះ គឺដូចជាមណ្ឌល ឬរុក្ខមូល (ម្លប់ឈើ) អស់កាល៨ខែ គឺកំណត់យកខែដែលគ្មានភ្លៀង។
[៣៧៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្ដីដូចគ្នានឹងសិក្ខាបទទី១ នៃបារាជិកកណ្ឌ។ សេនាសនៈដែលគេបានប្រគេន ឬបានលះដល់សង្ឃ ហៅថាសេនាសនៈរបស់សង្ឃ។ ដែលហៅថា គ្រែ បានដល់គ្រែ៤យ៉ាង គឺគ្រែដែលគេបញ្ចូលមេទៅក្នុងដំណាប់ជើង ១ គ្រែដែលមានមេជាប់នឹងជើង១
ID: 636783467573030160
ទៅកាន់ទំព័រ៖