ព្រះត្រៃបិដក ភាគ ០៣
ភិក្ខុក្រាលដោយខ្លួនឯង ឬប្រើគេឱ្យក្រាលនូវកម្រាលសម្រាប់ដេក ក្នុងឧបចារវិហារក្ដី ក្នុងរោងសម្រាប់ឆាន់ក្ដី ក្នុងមណ្ឌបក្ដី ទៀបគល់ឈើក្ដី ហើយកាលនឹងដើរចេញទៅ មិនបានរើយមកទុកដាក់ មិនបានប្រាប់គេឱ្យរើយមកទុកដាក់នូវកម្រាលសម្រាប់ដេកនោះ ឬឥតបានប្រាប់(អ្នកដទៃ) ស្រាប់តែដើរចេញទៅ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុក្រាលដោយខ្លួនឯងក្ដី ប្រើគេឱ្យក្រាលក្ដី នូវគ្រែ ឬតាំងក្នុងវិហារក្ដី ក្នុងឧបចារវិហារក្ដី ក្នុងរោងសម្រាប់ឆាន់ក្ដី ក្នុងមណ្ឌបក្ដី ទៀបគល់ឈើក្ដី ហើយកាលនឹងដើរចេញទៅ មិនបានរើយមកទុកដាក់ មិនបានប្រើគេឱ្យរើយកមកទុកដាក់ នូវគ្រែនឹងតាំងនោះ ឬឥតបានប្រាប់ (អ្នកដទៃ) ស្រាប់តែដើរចេញទៅ ត្រូវអាបត្ដិទុក្កដ។ វិហាររបស់បុគ្គល ភិក្ខុសំគាល់ថាជារបស់សង្ឃទៅវិញ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុមានសេចក្ដីសង្ស័យក្នុងវិហារ ជារបស់បុគ្គល ត្រូវអាបត្ដិទុក្កដ។ វិហារជារបស់បុគ្គល ភិក្ខុដឹងច្បាស់ថា ជារបស់បុគ្គល គឺវិហារដែលជារបស់បុគ្គលនៃភិក្ខុដទៃ (ដែលមិនមែនជា វិស្សាសៈ) ត្រូវអាបត្ដិទុក្កដ។ វិហារជារបស់បុគ្គល(ដែលជាទីស្និទ្ធស្នាល នឹងខ្លួន មិនត្រូវអាបត្ដិឡើយ ។
ID: 636783471332635197
ទៅកាន់ទំព័រ៖