ព្រះត្រៃបិដក ភាគ ០៣

វេលា​នោះ​ឯង​ ​មេចោរ​នោះ​កាលបើ​ដុំ​សាច់​គេ​ចំអិន​រួចស្រេច​ហើយ​ ​ក៏​យក​សាច់​យ៉ាង​ល្អ​ ​ខ្ចប់​នឹង​ស្លឹកឈើ​យក​ទៅ​ព្យួរ​នឹង​ដើមឈើ​ជិត​នាង​ឧប្បល​វណ្ណា​ភិក្ខុនី​ ​ហើយ​ពោល​ថា​ ​នរណា​មួយ​ ​ទោះបីជា​សមណៈ​ក្ដី​ ​ព្រាហ្មណ៍​ក្ដី​ ​បានឃើញ​ដុំ​សាច់​ដែល​អញ​ទុក​ឱ្យ​នេះ​ហើយ​ ​ចូរ​នាំ​យក​ទៅចុះ​ ​រួចហើយ​ក៏​ចេញ​ដើរទៅ​។​ ​នាង​ឧប្បល​វណ្ណា​ភិក្ខុនី​ចេញពី​សមាធិ​ ​ហើយ​បានឮ​សំដី​នេះ​របស់​មេចោរ​ដែល​កំពុង​ពោល​នោះ​។​ ​លំដាប់នោះ​ ​នាង​ឧប្បល​វណ្ណា​ភិក្ខុនី​ក៏បាន​យក​សាច់​នោះ​ទៅ​ឯ​កន្លែងនៅ​របស់​ខ្លួន​។​ ​វេលា​នោះ​ឯង​ ​នាង​ឧប្បល​វណ្ណា​ភិក្ខុនី​ ​លុះ​កន្លង​រាត្រី​នោះ​ទៅ​ហើយ​ ​នាង​ក៏​ចាត់ចែង​យក​សាច់​នោះ​មក​វេច​ជា​បង្វេច​ដោយ​ចីពរ​ ​រួចហើយ​ក៏​ហោះ​ទៅ​ឯអាកាស​ ​ទៅចុះ​ក្នុង​វត្ដ​វេឡុ​វន​។​
 [​៤៧​]​ ​សម័យ​នោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​យាង​ ​ចូល​ទៅកាន់​ស្រុក​ដើម្បី​បិណ្ឌបាត​។​ ​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​ជា​អ្នក​នៅចាំ​រក្សា​វត្ដ​។​ ​លំដាប់នោះ​ ​នាង​ឧប្បល​វណ្ណា​ភិក្ខុនី​ ​បាន​ចូល​ទៅ​រក​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​សួរ​ទៅ​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​យាង​ទៅណា​។​ ​ឧទាយិ​ប្រាប់​ថា​ ​ម្នាល​ប្អូនស្រី​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​យាង​ចូល​ទៅ​បិណ្ឌបាត​ឯ​ស្រុក​ហើយ​។
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 636783190027655472
ទៅកាន់ទំព័រ៖