ព្រះត្រៃបិដក ភាគ ០៣
នែអ្នកដ៏មានអាយុ បើអ្នកចង់ប្រគេនអាត្មា ចូរអ្នកប្រគេនសាដកមួយអំពីសាដកអស់នេះចុះ។ សេដ្ឋីបុត្ដនិយាយថា បពិត្រលោកម្ចាស់ដ៏ចំរើន យើងខ្ញុំជាកុលបុត្ដ មានសាដកតែមួយដើរទៅ ហាក់ដូចជាមិនសម ទានប្រោស លោកម្ចាស់សូមបង្អង់ចាំសិន ទំរាំខ្ញុំទៅផ្ទះ ខ្ញុំទៅដល់ផ្ទះហើយ នឹងបញ្ជូនសាដកមួយអំពីសាដកដែលខ្ញុំកំពុងប្រើអស់នេះ ឬសាដកដែលល្អ គ្រាន់បើជាងសាដកអស់នេះមកប្រគេនលោកម្ចាស់។ ឧបនន្ទភិក្ខុនិយាយថា នែអ្នកដ៏មានអាយុ អាត្មាមានប្រយោជន៍អ្វី ដោយអ្នកដែលមិនចង់ប្រគេនសោះ ហើយបវារណា (ព្រោះ) អ្នកបវារណានូវបច្ច័យណាហើយ មិនឱ្យបច្ច័យនោះ។ សេដ្ឋីបុត្ដនោះ កាលឧបនន្ទភិក្ខុដ៏មានអាយុ ជាសក្យបុត្ដបង្ខិតបង្ខំ (ញយៗ) ក៏ប្រគេនសំពត់សាដកមួយហើយ ទៅក្នុងកាលនោះឯង។ មនុស្សទាំងឡាយឃើញសេដ្ឋីបុត្ដនោះហើយ បាននិយាពាក្យនេះថា អ្នកម្ចាស់ ព្រោះហេតុអ្វីបានជាអ្នកមានសាដកតែមួយដើរមកដូច្នេះ។ គ្រានោះ សេដ្ឋីបុត្ដបានប្រាប់ដំណើរនោះ ដល់មនុស្សទាំងឡាយនោះ។ មនុស្សទាំងឡាយក៏លើកទោស តិះដៀល បន្ដុះបង្អាប់ថា សមណៈទាំងឡាយជាកូនចៅព្រះពុទ្ធ ជាសក្យបុត្ដនេះមានប្រាថ្នាច្រើន ឥតមានសន្ដោស សមណៈពួកនេះ
ID: 636783193125152639
ទៅកាន់ទំព័រ៖