ព្រះត្រៃបិដក ភាគ ០៣
ព្រះឧបាលិដ៏មានអាយុ លុះបានសង្កេតសួរភិក្ខុ (អាក្រាត) ទាំងនោះហើយ ក៏ពោលពាក្យនេះនឹងភិក្ខុទាំងឡាយថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងនេះជាភិក្ខុហើយ លោកទាំងឡាយចូរឱ្យចីវរដល់ភិក្ខុ (អាក្រាត) ទាំងនោះផងចុះ។ ភិក្ខុទាំងឡាយណាដែលមានប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះក៏លើកទោស តិះដៀល បន្ដុះបង្អាប់ថា ភិក្ខុទាំងឡាយមិនសមបីបើនឹងមានខ្លួនអាក្រាតដើរមកសោះ គួរតែភិក្ខុទាំងនោះបិទបាំង (រាងកាយ) ដោយស្មៅ ឬស្លឹកឈើហើយសឹមមកទៅអេះ។ ទើបភិក្ខុទាំងឡាយនោះ ក្រាបទូលដំណើរនុ៎ះ ដល់ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគក៏ទ្រង់សម្ដែងធម្មីកថា ហើយទ្រង់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឱ្យភិក្ខុដែលចោរដណ្ដើមយកចីវរទៅក្ដី ដែលមានចីវរបាត់ក្ដី សុំចីវរចំពោះគហបតី ឬគហបតានី ដែលមិនមែនជាញាតិបាន ភិក្ខុ (ដែលមានចីវរអន្ដរាយ)នោះ ចូលដល់អាវាសណាមុន បើចីវរក្នុងវត្ដក្ដី សម្ពត់កម្រាលគ្រែក្ដី សម្ពត់កម្រាលផែនដីក្ដី ស្រោមពូកក្ដី របស់សង្ឃមានក្នុងអាវាសនោះ ឱ្យយកសម្ពត់នោះស្លៀកដណ្ដប់ដោយគិតថា អញបានសម្ពត់នោះ (ស្លៀកដណ្ដប់សិន)
ID: 636783195543710973
ទៅកាន់ទំព័រ៖