ព្រះត្រៃបិដក ភាគ ០៣

សិក្ខាបទ​ទី៨​


 [​៦២​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​គង់​ក្នុង​វត្ដ​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក៏​ក្នុង​សម័យ​នោះ​ ​បុរស​ម្នាក់​បាន​និយាយ​ពាក្យ​នេះ​នឹង​ប្រពន្ធ​ថា​ ​អញ​នឹង​ឱ្យ​លោកម្ចាស់​ឧប​នន្ទ​ស្លៀកដណ្ដប់​ចីវរ​។​ ​កាលដែល​បុរស​នោះ​កំពុង​និយាយ​ពាក្យ​យ៉ាងនេះ​ ​ភិក្ខុ​ជា​អ្នក​ប្រព្រឹត្ដ​បិណ្ឌបាត​មួយ​អង្គបាន​ឮ​ ​(​ពាក្យ​នោះ​ច្បាស់​)​។​ ​ទើប​ភិក្ខុ​នោះ​ចូល​ទៅ​រក​ព្រះ​ឧប​នន្ទ​ដ៏​មាន​អាយុ​ជា​សក្យ​បុ​ត្ដ​ ​លុះ​ចូល​ទៅដល់​ ​ហើយ​ ​ក៏​និយាយ​ពាក្យ​នេះ​នឹង​ព្រះ​ឧប​នន្ទ​ដ៏​មាន​អាយុ​ជា​សក្យ​បុ​ត្ដ​ថា​ ​ម្នាល​អាវុសោ​ឧប​នន្ទ​ ​លោក​ជា​អ្នកមាន​បុណ្យ​ច្រើន​ ​(​ព្រោះ​)​ ​ក្នុង​ឱកាស​ឯណោះ​ ​មាន​បុរស​ម្នាក់​និយាយ​ពាក្យ​នេះ​នឹង​ប្រពន្ធ​ថា​ ​អញ​នឹង​ឱ្យ​លោកម្ចាស់​ឧប​នន្ទ​ស្លៀកដណ្ដប់​ចីវរ​។​ ​ព្រះ​ឧប​នន្ទ​និយាយ​ថា​ ​ម្នាល​អាវុសោ​ ​បុរស​នោះ​ជា​ឧបដ្ឋាក​ខ្ញុំ​។​ ​ព្រះ​ឧប​នន្ទ​ដ៏​មាន​អាយុ​ ​ជា​សក្យ​បុ​ត្ដ​ ​ចូល​ទៅ​រក​បុរស​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​បុរស​នោះ​ថា​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ ​ឮ​ថា​អ្នកមាន​ប្រាថ្នា​នឹង​ឱ្យ​អាត្មា​ស្លៀកដណ្ដប់​ចីវរ​ ​មែន​ឬ​។​
ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 636783206963154128
ទៅកាន់ទំព័រ៖