ព្រះត្រៃបិដក ភាគ ០៣
គឺភិក្ខុនោះឯង។ ពាក្យថា គេមិនបានបវារណាមុន គឺគេមិនទាន់និយាយមុនថា បពិត្រលោកដ៏ចម្រើន លោកត្រូវការដោយចីវរដូចម្ដេច ខ្ញុំនឹងទិញចីវរដូចម្ដេចប្រគេនលោក។ ពាក្យថា ចូលទៅ គឺទៅកាន់ផ្ទះ(គេ) ឬចូលទៅរកគេក្នុងទីណាមួយ។ ពាក្យថា កំណត់ចីវរ គឺចីវរវែងក្ដី ធំក្ដី សាច់ជិតក្ដី សាច់ម៉ត់ក្ដី។ ពាក្យថា ដោយដម្លៃចីវរនេះ គឺដោយដម្លៃចីវរដែលតាំងឡើងចំពោះ។ ពាក្យថា បែបយ៉ាងនេះក្ដីៗ គឺចីវរវែងក្ដី ធំក្ដី មានសាច់ជិតក្ដី មានសាច់ម៉ត់ក្ដី។ ពាក្យថា ទិញ គឺប្ដូរគ្នា។ ពាក្យថា ចូរឱ្យស្លៀកដណ្ដប់ គឺចូរឱ្យ។ ពាក្យថា ព្រោះអាស្រ័យសេចក្ដីចង់បានចីវរល្អ គឺជាអ្នកត្រូវការចីវរល្អ ជាអ្នកត្រូវការចីវរមានដម្លៃច្រើន។ ទាយកទិញចីវរវែងក្ដី ធំក្ដី មានសាច់ជិតក្ដី មានសាច់ ម៉ត់ក្ដី តាមសម្ដីភិក្ខុនោះ ភិក្ខុនោះត្រូវអាបត្ដិទុក្កដក្នុងប្រយោគដែលប្រើ ចីវរនោះជានិស្សគ្គិយក្នុងខណៈដែលបានមក ភិក្ខុត្រូវលះដល់សង្ឃ ឬគណៈ ឬបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ចីវរ ភិក្ខុត្រូវលះយ៉ាងនេះ។បេ។ បពិត្រព្រះសង្ឃដ៏ចម្រើន ចីវរខ្ញុំនេះ គេមិនបានបវារណាមុន ខ្ញុំចូលទៅរកគហបតិមិនមែនជាញាតិ ហើយកំណត់ចីវរ ជានិស្សគ្គិយ ខ្ញុំសូមលះចីវរនេះដល់សង្ឃ។បេ។ សង្ឃគប្បីឱ្យ។បេ។ ភិក្ខុទាំងឡាយគប្បីឱ្យ។បេ។ ខ្ញុំឱ្យចីវរដល់លោកដ៏មានអាយុ។
ID: 636783208385355473
ទៅកាន់ទំព័រ៖