ព្រះត្រៃបិដក ភាគ ០៣
[៦៤] គហបតិមិនមែនញាតិ ភិក្ខុសំគាល់ថាមិនមែនញាតិ គេមិនបានបវារណាមុន ចូលទៅរកគហបតិ ហើយកំណត់ចីវរ ត្រូវនិស្សគ្គិយបាចិត្ដិយ។ គហបតិមិនមែនញាតិ ភិក្ខុមានសេចក្ដីសង្ស័យ គេមិនបានបវារណាមុន ចូលទៅរកគហបតិ ហើយកំណត់ចីវរ ត្រូវនិស្សគ្គិយបាចិត្ដិយ។ គហបតិមិនមែនញាតិ ភិក្ខុសំគាល់ថាជាញាតិ គេមិនបានបវារណាមុន ចូលទៅរកគហបតិ ហើយកំណត់ចីវរ ត្រូវនិស្សគ្គិយបាចិត្ដិយ។ គហបតិជាញាតិ ភិក្ខុសំគាល់ថាមិនមែនញាតិ ត្រូវ អាបត្ដិទុក្កដ។ គហបតិជាញាតិ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ គហបតិជាញាតិ ភិក្ខុសំគាល់ថាជាញាតិ មិនត្រូវអាបត្ដិ។
[៦៥] អាបត្ដិ មិនមានដល់ភិក្ខុដែលកំណត់ចីវរក្នុងសំណាក់ជនជាញាតិ ជនដែលបានបវារណាហើយ ដល់ភិក្ខុដែលកំណត់ចីវរដើម្បីប្រយោជន៍ភិក្ខុដទៃ ដល់ភិក្ខុដែលកំណត់ចីវរដោយទ្រព្យរបស់ខ្លួន ដល់ភិក្ខុដែលទាយកមានប្រាថ្នានឹងទិញចីវរមានដម្លៃច្រើនប្រគេន ឱ្យទិញចីវរមានដម្លៃតិចវិញ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។
សិក្ខាបទទី៨ ចប់។
ID: 636783208728535102
ទៅកាន់ទំព័រ៖