ព្រះត្រៃបិដក ភាគ ០៣
មិនគប្បីឈរ (ទៀត)ទេ។ កាលបើភិក្ខុព្យាយាមឱ្យលើសពីកំណត់នោះ ឱ្យចីវរនោះសម្រេចបាន ត្រូវអាបត្ដិទុក្កដក្នុងប្រយោគដែលព្យាយាម ចីវរដែលបានមកជានិស្សគ្គិយ ចីវរនោះ ភិក្ខុត្រូវលះដល់សង្ឃក្ដី ដល់គណៈក្ដី ដល់បុគ្គលក្ដី។ ម្នាលភិក្ខុទាំងឡាយ ចីវរនោះ ភិក្ខុគប្បីលះយ៉ាងនេះ។បេ។ បពិត្រព្រះសង្ឃដ៏ចម្រើន ចីវរនេះ ខ្ញុំឱ្យសម្រេចបានដោយទារលើសពី៣ដង ដោយឈរលើសពី៦ដង ជានិស្សគ្គិយ ខ្ញុំសូមលះចីវរនេះដល់សង្ឃ។បេ។ សង្ឃគប្បីឱ្យ។បេ។ លោកដ៏មានអាយុទាំងឡាយគប្បីឱ្យ។បេ។ ខ្ញុំឱ្យលោកដ៏មានអាយុ។ បើភិក្ខុឱ្យចីវរនោះសម្រេចមិនបានទេ ថ្លៃចីវរដែលគេនាំមកដើម្បីភិក្ខុនោះអំពីសំណាក់បុគ្គលណា ភិក្ខុគប្បីទៅក្នុងសំណាក់បុគ្គលនោះខ្លួនឯងក្ដី ប្រើបម្រើឱ្យទៅក្ដី ដោយពាក្យថា ម្នាលអ្នកដ៏មានអាយុទាំងឡាយ អ្នកទាំងឡាយបញ្ជូនដម្លៃចីវរណាទៅចំពោះភិក្ខុ ដម្លៃចីវរនោះមិនសម្រេចប្រយោជន៍បន្ដិចបន្ដួចដល់ភិក្ខុនោះទេ អ្នកដ៏មានអាយុទាំងឡាយ ចូរតឿនទារយករបស់ខ្លួនចុះ ទ្រព្យរបស់អ្នកទាំងឡាយ ចូរកុំឱ្យវិនាស។ ពាក្យថា ការនេះជាសាម៉ីចិកម្មក្នុងសិក្ខាបទនោះ គឺថាការនេះ ជាសភាពដ៏សមគួរតាមធម៌ក្នុងសិក្ខាបទនោះ។
[៧២] ភិក្ខុទារលើសពី៣ដង ឈរលើសពី៦ដង មានសេចក្ដីសម្គាល់ថាលើសមែន (ហើយ) ឱ្យចីវរនោះសម្រេចបាន ត្រូវនិស្សគ្គិយបាចិត្ដិយ។
ID: 636783214426200989
ទៅកាន់ទំព័រ៖