ព្រះត្រៃបិដក ភាគ ០៣
ឧទ្ទាន(១) នៃចីវរវគ្គនោះ ដូច្នេះគឺ
សំពត់អតិរេកចីវរដែលភិក្ខុបានមកហើយ មិនបានវិកប្បអធិដ្ឋានក្នុងវេលា ដែលអស់អំណាចអានិសង្សកឋិន ហើយទុកឱ្យកន្លងដប់រាត្រី១ ក្នុងវេលា ដែលអស់អំណាចអានិសង្សកឋិនហើយ ភិក្ខុនៅប្រាសចាកត្រៃចីវរឱ្យកន្លងមួយរាត្រី១ ភិក្ខុទុកអកាលចីវរឱ្យហួសពីមួយខែ១ ភិក្ខុប្រើនាងភិក្ខុនីមិនមែនជាញាតិឱ្យលាងចីវរចាស់១ ភិក្ខុទទួលចីវរពីដៃនាងភិក្ខុនីមិនមែនជាញាតិ១ ភិក្ខុសូមចីវរពីគ្រហស្ថមិនមែនជាញាតិ១ ភិក្ខុសូមចីវរហួសពីអន្ដរវាសក (ស្បង់) និងឧត្ដរាសង្គ (ចីពរ)១ ភិក្ខុទៅនិយាយនឹងគ្រហស្ថ ដែលមិនមែនជាញាតិ មិនបានបវារណា ដែលគេបម្រុងនឹងប្រគេនចីវរ ឱ្យគេប្រគេនចីវរឱ្យល្អ១ ភិក្ខុទៅនិយាយនឹងគ្រហស្ថច្រើនរូបមិនមែនជាញាតិ មិនមែនជនដែលបានបវារណា ឱ្យគេរួបរួមថ្លៃជាមួយគ្នា ដើម្បីទិញចីវរល្អ១ ភិក្ខុទៅតឹងទារចីវរអំពីវេយ្យាវច្ចករហួសពីបីដង និងឈរហួសពីប្រាំមួយដង១។
(១) ពាក្យរួបរួម ជាគ្រឿងរក្សាសេចក្ដីដែលពោលហើយមិនឱ្យសេចក្ដីនោះវិនាសខ្ចាត់ខ្ចាយទៅ (បានដល់បញ្ជីរឿង)។
ID: 636783216315909075
ទៅកាន់ទំព័រ៖