ព្រះត្រៃបិដក ភាគ ០៣
គប្បីសម្ដែងឡើងនូវសិក្ខាបទនេះ យ៉ាងនេះថា ភិក្ខុណាមួយ ឱ្យគេធ្វើសន្ថ័តលាយដោយសូត្រ សន្ថ័តនោះជានិស្សគ្គិយ
(១) ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។
[៧៥] ត្រង់ពាក្យថា ភិក្ខុណាមួយ មានអធិប្បាយក្នុងសិក្ខាបទទី១ ក្នុងបារាជិកកណ្ឌ រួចហើយ។ គ្រឿងកម្រាលដែលមិនបានត្បាញ គេស្មាច់សម្រេចតែម្ដង ហៅថា សន្ថ័ត។ ពាក្យថា ឱ្យគេធ្វើ គឺភិក្ខុលាយដោយសរសៃសូត្រសូម្បីមួយសរសៃ ហើយធ្វើខ្លួនឯងក្ដី ប្រើគេឲ្យធ្វើក្តី ត្រូវអាបត្ដិទុក្កដក្នុងប្រយោគដែលធ្វើ។ សន្ថ័តដែលបានមក ជានិស្សគ្គិយ ភិក្ខុត្រូវលះដល់សង្ឃក៏បាន គណៈក៏បាន បុគ្គលក៏បាន។ ម្នាលភិក្ខុទាំងឡាយ សន្ថ័តនោះ ភិក្ខុត្រូវលះយ៉ាងនេះ។បេ។ បពិត្រព្រះសង្ឃដ៏ចម្រើន សន្ថ័តលាយដោយសូត្រនេះ ខ្ញុំឱ្យគេធ្វើ ជានិស្សគ្គិយ ខ្ញុំសូមលះសន្ថ័តនេះដល់សង្ឃ។បេ។ សង្ឃគប្បីឱ្យ។បេ។ លោកដ៏មានអាយុទាំងឡាយគប្បីឱ្យ។បេ។ ខ្ញុំឱ្យដល់លោកដ៏មានអាយុ។
(១) ត្រង់ពាក្យថា និស្សគ្គិយំ បាចិត្ដិយំ ប្រែបានជាពីរន័យ គឺប្រែដូចសិក្ខាបទទាំងអស់ ក្នុងចីវរវគ្គមួយន័យ ដូចសិក្ខាបទក្នុងកោសិយវគ្គនេះមួយន័យ តាមន័យក្នុងអដ្ឋកថា ។
ID: 636783217641804911
ទៅកាន់ទំព័រ៖