ព្រះត្រៃបិដក ភាគ ០៣
ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយ មិនសមបើនឹងឱ្យគេធ្វើសន្ថ័តដោយរោមចៀមខ្មៅសុទ្ធទេ ម្នាលមោឃបុរសទាំងឡាយ អំពើដែលអ្នករាល់គ្នាធ្វើនេះ មិនមែននាំឱ្យជ្រះថ្លាដល់ជនដែលមិនទាន់ជ្រះថ្លាហើយផង មិនមែននាំឱ្យរឹងរឹតតែជ្រះថ្លាដល់ជនដែលជ្រះថ្លាហើយផង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសម្ដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ ឱ្យគេធ្វើសន្ថ័តដោយរោមចៀមខ្មៅសុទ្ធ សន្ថ័តនោះជានិស្សគ្គិយ ភិក្ខុត្រូវ អាបត្ដិបាចិត្ដិយ ។
[៧៩] ត្រង់ពាក្យថា ភិក្ខុណាមួយ មានអធិប្បាយក្នុងសិក្ខាបទទី ១ នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថា រោមចៀមខ្មៅ ( នោះសំដៅយក) រោមចៀមខ្មៅទាំង ២យ៉ាង គឺ រោមចៀមខ្មៅពីកំណើត១ រោមចៀមខ្មៅពីគ្រឿងជ្រលក់១។ គ្រឿងកម្រាលដែលគេមិនត្បាញ គ្រាន់តែគេស្មាច់ ហើយធ្វើឱ្យសម្រេច ហៅថា សន្ថ័ត។ ពាក្យថា ឱ្យគេធ្វើ គឺភិក្ខុធ្វើខ្លួនឯងក្ដី ឱ្យគេធ្វើក្ដី ត្រូវអាបត្ដិទុក្កដក្នុងប្រយោគដែលធ្វើ សន្ថ័ត ដែលបានមកជានិស្សគ្គិយ ភិក្ខុត្រូវលះដល់សង្ឃក៏បាន ដល់គណៈក៏បាន ដល់បុគ្គលក៏បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវលះយ៉ាងនេះ។បេ។ បពិត្រព្រះសង្ឃដ៏ចម្រើន សន្ថ័តនេះ ខ្ញុំឱ្យគេធ្វើដោយរោមចៀមខ្មៅសុទ្ធ
ID: 636783219028444223
ទៅកាន់ទំព័រ៖