ព្រះត្រៃបិដក ភាគ ០៣
កឋិនដោះហើយ បើភិក្ខុនៅប្រាសចាកត្រៃចីវរ សូម្បីតែមួយយប់ ត្រូវនិស្សគ្គិយបាចិត្ដិយ វៀរលែងតែភិក្ខុដែលបានអវិប្បវាសសម្មតិអំពីសង្ឃ។
[១២] ត្រង់ពាក្យថា កាលបើចីវររបស់ភិក្ខុសម្រេចហើយ អធិប្បាយថា ចីវរដែលភិក្ខុបានធ្វើរួចជាស្រេចហើយក្ដី ចីវរបាត់ក្ដី ចីវរដែលខូចក្ដី ចីវរភ្លើងឆេះក្ដី បំណងក្នុងចីវរដាច់ស្រឡះក្ដី។ ពាក្យថា កឋិនដោះហើយ អធិប្បាយថា កឋិនដោះហើយ បណ្ដាមាតិកាទាំង ៨យ៉ាង ដោយ មាតិកាណាមួយ ម្យ៉ាងទៀត កឋិនដែលសង្ឃបានដោះក្នុងចន្លោះ។ ពាក្យថា បើភិក្ខុនៅប្រាសចាកត្រៃចីវរ សូម្បីតែមួយប់ អធិប្បាយថា បើភិក្ខុនៅប្រាសចាកសង្ឃាដិក្ដី ឧត្ដរាសង្គក្ដី ស្បង់ក្ដី សូម្បីតែមួយយប់។ ពាក្យថា វៀរលែងតែភិក្ខុដែលបានអវិប្បវាសសម្មតិអំពីសង្ឃ អធិប្បាយថា លើកលែងតែភិក្ខុដែលបានអវិប្បវាសសម្មតិអំពីសង្ឃ។ ពាក្យថា និស្សគ្គិយ អធិប្បាយថា ចីវរជានិស្សគ្គិយដំណាលនឹងពេលដែលអរុណរះឡើង ភិក្ខុនោះឯង ត្រូវលះ (ចីវរនោះ) ដល់សង្ឃ ឬគណ ឬបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ចីវរនោះ ភិក្ខុត្រូវលះបង់យ៉ាងនេះ។ ភិក្ខុ នោះត្រូវចូលទៅកាន់ជំនុំសង្ឃ។បេ។ ហើយពោលនឹងសង្ឃយ៉ាងនេះថា
ID: 636783177297397343
ទៅកាន់ទំព័រ៖