ព្រះត្រៃបិដក ភាគ ០៣
បត្ដវគ្គសិក្ខាបទទី១
[១១៧] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានយស ទ្រង់សម្រេចឥរិយាបថក្នុងវត្ដជេតវន ជារបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុសន្សំបាត្រទុកជាច្រើន។ មនុស្សទាំងឡាយដើរទៅវិហារបានឃើញ នាំគ្នាពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកសមណៈជាកូនចៅរបស់ព្រះពុទ្ធជាសក្យបុត្ដ មិនសមបីបើ នឹងសន្សំបាត្រទុកជាច្រើនទេ សមណៈទាំងឡាយជាកូនចៅរបស់ព្រះពុទ្ធ ជាសក្យបុត្ដនឹងធ្វើនូវជំនួញបាត្រ ឬនឹងតាំងរានផ្សារលក់ភាជន៍ដី។ ភិក្ខុទាំងឡាយបានឮពាក្យមនុស្សទាំងឡាយនោះ ពោលទោស តិះដៀល បន្ដុះបង្អាប់ (ដូច្នោះ)។ ពួកភិក្ខុណាដែលមានសេចក្ដីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនសមបើនឹងប្រើប្រាស់អតិរេកបាត្រ
(១) ឡើយ។ ខណៈនោះភិក្ខុទាំងនោះក៏ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយប្រើប្រាស់អតិរេកបាត្រ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុទូលតបថា សូមទ្រង់ព្រះមេត្ដាប្រោស
(១) បាត្រដែលលើស គឺបាត្រដែលមិនបានវិកប្ប មិនបានអធិដ្ឋាន ។
ID: 636783257750268984
ទៅកាន់ទំព័រ៖