ព្រះត្រៃបិដក ភាគ ០៣
បាត្រចំណុះបាយនៃអង្ករ១នាឡិមគធៈ ចំណុះខាទនីយស្មើចំណែកបាយជាគំរប់៤ និងចំណុះម្ហូបល្មមសមគួរដល់បាយនោះ ហៅថា បាត្រយ៉ាងកណ្ដាល។ បាត្រចំណុះបាយនៃអង្ករ១បត្ថ គឺកន្លះនាឡិមគធៈចំណុះ ខាទនីយស្មើចំណែកបាយជាគំរប់៤ និងចំណុះម្ហូបល្មមសមគួរដល់បាយនោះ ហៅថាបាត្រយ៉ាងតូច។ បាត្រដែលធំហួស ឬតូចហួសជាងប្រមាណនោះ មិនហៅថាបាត្រទេ។
[១២០] កាលភិក្ខុទុកបាត្រឱ្យកន្លងហួសអំពីកំណត់នោះទៅ បាត្រនោះជានិស្សគ្គិយ គឺជានិស្សគ្គិយក្នុងពេលអរុណទី១១ រះឡើងហើយ ភិក្ខុត្រូវលះបង់ដល់សង្ឃ ឬគណៈ ឬបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីលះបង់បាត្រយ៉ាងនេះឯង។
[១២១] ភិក្ខុនោះគប្បីចូលទៅរកសង្ឃ ហើយធ្វើចីពរឆៀងស្មាម្ខាង ហើយថ្វាយបង្គំបាទាភិក្ខុទាំងឡាយដែលជាចាស់ រួចហើយអង្គុយច្រហោង ប្រណម្យអញ្ជលី ហើយត្រូវពោលពាក្យយ៉ាងនេះនឹងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន បាត្ររបស់ខ្ញុំនេះកន្លងហួស១០ថ្ងៃ ជានិស្សគ្គិយ ខ្ញុំសូមលះបង់បាត្រនេះដល់សង្ឃ។ ភិក្ខុនោះលុះលះបង់ហើយ ត្រូវសំដែងអាបត្ដិចេញ។ ភិក្ខុដែលឆ្លាសប្រតិពលគប្បីទទួលដឹងអាបត្ដិ (របស់ភិក្ខុនោះ)។
ID: 636783258801899134
ទៅកាន់ទំព័រ៖