ព្រះត្រៃបិដក ភាគ ០៣
បាត្រនោះភិក្ខុដែលបានសន្មត ត្រូវប្រគល់បាត្រនោះ ឱ្យដល់ភិក្ខុនោះដោយពាក្យថា ម្នាលភិក្ខុ នេះបាត្ររបស់លោកៗ គប្បីប្រើប្រាស់ត្រាតែបែក។ នេះជាសាមីចិកម្ម(គឺការប្រពៃ) ក្នុងការលះបង់បាត្រនោះ។
[១៣១] ត្រង់ពាក្យថា ភិក្ខុណាមួយមានសេចក្ដីដូចគ្នានឹងសិក្ខាបទទី១ នៃបារាជិកកណ្ឌ។ បាត្រដែលគ្មានចំណង ឬមានចំណងតែមួយអន្លើ ឬពីរអន្លើ បីអន្លើ បួនអន្លើ ហៅថាបាត្រមានចំណងមិនទាន់ដល់៥អន្លើ។ បាត្រដែលមានស្នាមប្រេះបែកមិនទាន់ដល់ពីរធ្នាប់ ហៅថាបាត្រមិនទាន់មានឱកាសនៃចំណង។ បាត្រដែលមានស្នាមប្រេះបែកប្រមាណដល់ពីរធ្នាប់ ហៅថាបាត្រមានឱកាសនៃចំណង (មួយអន្លើ)។ ដែលហៅថាបាត្រថ្មី សំដៅយកការសូមបាត្រជាប្រមាណ។ ពាក្យថា ឱ្យគេរក សេចក្ដីថា ភិក្ខុសូមបាត្រ ត្រូវអាបត្ដិទុក្កដតាមប្រយោគ បាត្រនោះជានិស្សគ្គិយក្នុងខណៈដែលបានមក ភិក្ខុត្រូវលះបង់ក្នុងកណ្ដាលសង្ឃ។ ភិក្ខុទាំងពួងត្រូវយកបាត្រដែលភិក្ខុបានអធិដ្ឋានហើយទៅប្រជុំគ្នា។ ភិក្ខុមិនត្រូវអធិដ្ឋានបាត្រអាក្រក់ទុកដោយគិតថា អញនឹងយកបាត្រថ្លៃច្រើន។ បើភិក្ខុអធិដ្ឋានបាត្រអាក្រក់ទុកដោយគិតថា អញនឹងយកបាត្រថ្លៃច្រើន ត្រូវអាបត្ដិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវលះបង់បាត្រយ៉ាងនេះ
ID: 636783311355035002
ទៅកាន់ទំព័រ៖