ព្រះត្រៃបិដក ភាគ ០៣
បន្ដុះបង្អាប់ហើយ។ ពួកភិក្ខុណាជាអ្នកមានសេចក្ដីប្រាថ្នាតិច។បេ។ ពួកភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា មិនសមបើពួកភិក្ខុមកព្យាយាមដើម្បីសេចក្ដីល្មោភច្រើនមានសភាពដូច្នេះឡើយ។ ទើបពួកភិក្ខុទាំងនោះនាំសេចក្ដីនុ៎ះទៅក្រាបទូលដល់ព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកភិក្ខុព្យាយាមដើម្បីសេចក្ដីល្មោភច្រើនមានសភាពដូច្នេះ ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា សូមទ្រង់ព្រះមេត្ដាប្រោស ការនោះពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគជាម្ចាស់ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ មិនសមបីបើពួកមោឃបុរសទាំងនោះមកព្យាយាមដើម្បីសេចក្ដីល្មោភច្រើនមានសភាពដូច្នេះឡើយ ម្នាលភិក្ខុទាំងឡាយ អំពើដែលអ្នកបានធ្វើមកនេះ មិនមែននាំឱ្យកើតជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា ឬថែមសេចក្ដីជ្រះ ថ្លាដល់ជនទាំងឡាយដែលជ្រះថ្លាហើយឱ្យរឹងរឹតតែជ្រះថ្លាឡើងទៅទៀតទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភេសជ្ជៈណាមួយ ដែលពួកភិក្ខុមានជម្ងឺគប្បីឆាន់បាន ភេសជ្ជៈនេះគឺ ទឹកដោះរាវ ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ទឹកអំពៅ។ ភិក្ខុទទួលភេសជ្ជៈទាំងនោះហើយ គួរទុកឆាន់បានយ៉ាងយូរត្រឹម៧ថ្ងៃ បើភិក្ខុទុកឱ្យកន្លងកំណត់នោះទៅ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។
ID: 636783316843018896
ទៅកាន់ទំព័រ៖